ព្រះត្រៃបិដក ភាគ ៧៦
អ្នកពោលនូវសេចក្ដីត្រេកអរក្នុងកាម ចំពោះគំនរកាមណា គំនរកាមនោះ ឧបមាដូចមុខលំពែងដ៏មុតក្រៃលែង ឥឡូវនេះ យើងមិនមានសេចក្ដីត្រេកអរក្នុងកាមនោះទៀតទេ។ សេចក្ដីរីករាយក្នុងអារម្មណ៍ទាំងអស់ យើងបានកំចាត់បង់ហើយ ទាំងគំនរនៃសេចក្ដីងងឹត យើងក៏ទំលាយចេញហើយ ម្នាលមារមានចិត្តបាប អ្នកចូរដឹងយ៉ាងនេះចុះ ខ្លួនអ្នក ត្រូវយើងកំចាត់បានហើយ។ ព្រះជិនស្រីជានាយក ត្រេកអរចំពោះគុណនោះ តាំងខ្ញុំក្នុងទីជាឯតទគ្គៈ ក្នុងបរិស័ទទាំងឡាយថា នាងឧប្បលវណ្ណា ជាស្រីប្រសើរបំផុតជាងភិក្ខុនី ដែលមានឫទ្ធិទាំងឡាយ។ ព្រះសាស្ដា ខ្ញុំបានប្រព្រឹត្តតាមហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ ភារៈដ៏ធ្ងន់ ខ្ញុំក៏ទំលាក់ចេញហើយ តណ្ហាជាគ្រឿងនាំសត្វទៅកាន់ភព ខ្ញុំបានគាស់រំលើងចេញហើយ។ ខ្ញុំចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ដល់គុណវិសេសណា ប្រយោជន៍ គឺគុណវិសេសនោះឯង ជាគ្រឿងអស់ទៅនៃសំយោជនៈទាំងអស់ ខ្ញុំក៏បានដល់ជាលំដាប់ហើយ។
ID: 637643949653371632
ទៅកាន់ទំព័រ៖