ព្រះត្រៃបិដក ភាគ ៧៦
កុសលនុ៎ះ ជាអារម្មណ៍របស់ខ្ញុំ ខ្ញុំរលឹកដរាបដល់អស់ជីវិត ខ្ញុំទៅកើតក្នុងឋានតាវត្តឹង្ស ព្រោះញុំាងចិត្តឲ្យជ្រះថ្លាក្នុងកុសលនោះ។ ខ្ញុំបាននូវភាពនៃខ្លួនជាមហេសីនៃស្តេចទេវតាទាំងឡាយ ៣០ ដង សេចក្តីប្រាថ្នាដែលខ្ញុំប្រាថ្នាហើយក្នុងចិត្ត ក៏កើតឡើងដល់ខ្ញុំ ដូចសេចក្តីប្រាថ្នា។ ខ្ញុំបាននូវភាពជាមហេសីនៃស្តេចចក្រពតិ្ត ២០ ដង ខ្ញុំជាស្រីមានកុសលសន្សំហើយ តែងអន្ទោលទៅក្នុងភពតូច និងភពធំ។ ខ្ញុំរួចចាកចំណងទាំងអស់ហើយ ខ្ញុំជាអ្នកប្រាសចាកកំណើតហើយ អស់អាសវៈ ទាំងពួងរលីងហើយ ឥឡូវនេះ ភពថ្មីទៀតមិនមានឡើយ។ ក្នុងកប្បទី ៩១ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃបិណ្ឌបាតទាន។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំដកចោលហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្តាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធដ៏ប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ ពុទ្ធសាសនា ខ្ញុំបានធ្វើហើយ។
ID: 637643924766809041
ទៅកាន់ទំព័រ៖