ព្រះត្រៃបិដក ភាគ ៧៦
ដោយអំពើដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់ទុកនូវចេតនានោះផង លុះខ្ញុំលះបង់នូវរាងកាយជារបស់មនុស្សហើយ បានទៅកើតក្នុងឋានតាវត្តឹង្ស។ ឥឡូវនេះ មកដល់បច្ឆិមភព ខ្ញុំកើតក្នុងត្រកូលសេដ្ឋី ក្នុងក្រុងសាវត្ថី ជាបូរីដ៏ប្រសើរមាំមួន ស្ដុកស្ដម្ភ មានធនធានច្រើន។ ខ្ញុំកំពុងប្រកបដោយវ័យដ៏ចម្រើន លុះក្នុងអំណាចនៃវិតក្កៈ ខ្ញុំបានឃើញនូវបុរសអ្នកនៅក្នុងជនបទហើយ ក៏បានទៅនៅជាមួយនឹងបុរសនោះ។ ខ្ញុំមានបុត្រប្រុស ១ នាក់ ប្រសូតហើយ បុត្រទី ២ នៅក្នុងផ្ទៃរបស់ខ្ញុំ ក្នុងកាលនោះ ខ្ញុំកាត់ចិត្តថា អញត្រូវទៅរកជួបមាតាបិតាវិញ។ គ្រានោះ ខ្ញុំមិនបានប្រាប់ស្វាមីរបស់ខ្ញុំទេ លុះស្វាមីនោះឃ្លាតចេញទៅ ខ្ញុំជាស្រ្តីតែម្នាក់ឯង រត់ចេញចាកផ្ទះ ដើរទៅកាន់ក្រុងសាវត្ថីដ៏ឧត្ដម។ លំដាប់នោះ ប្ដីរបស់ខ្ញុំមកតាមទាន់ក្នុងផ្លូវ បបួលខ្ញុំទៅវិញ ក្នុងគ្រានោះ ខ្យល់កម្មជវាត (ខ្យល់កើតអំពីកម្ម) ដ៏អាក្រក់ពន់ពេក កើតឡើងដល់ខ្ញុំ។
ID: 637643950769621217
ទៅកាន់ទំព័រ៖