ព្រះត្រៃបិដក ភាគ ៧៦
ស្រាប់តែភ្លៀងធំតាំងឡើងក្នុងសម័យជាទីប្រសូតិនូវកូននៃខ្ញុំ គ្រានោះ ប្ដី (របស់ខ្ញុំ) ទៅដើម្បីប្រយោជន៍ដល់ឧស ត្រូវពស់ចឹកស្លាប់ទៅ។ គ្រានោះ ខ្ញុំជាស្រីកំព្រា មិនមានទីពឹង ដោយសេចក្ដីទុក្ខព្រោះសម្រាលកូន ខ្ញុំដើរទៅកាន់លំនៅនៃត្រកូលរបស់ខ្លួន ឃើញនូវស្ទឹងតូច មានទឹកពេញព្រៀប។ ខ្ញុំជាស្រីម្នាក់ឯង នាំយកកូនតូច ឆ្លងទៅដាក់ឯច្រាំងត្រើយនាយ ហើយញ៉ាំងកូនតូចឲ្យបៅ រួចត្រឡប់មកចម្លងកូនបង។ មានសត្វខ្លែងមួយ ឆាបយកកូនតូចដែលកំពុងយំ ទាំងខ្សែទឹកក៏កួចយកកូនបងទៅទៀត ខ្ញុំជាស្រីចុកណែនដោយសេចក្ដីសោក។ ខ្ញុំដើរទៅកាន់ក្រុងសាវត្ថី បានឮថា ពួកជនរបស់ខ្លួន គឺមាតាបិតាត្រូវស្លាប់អស់ហើយ គ្រានោះ ខ្ញុំមានសេចក្ដីសោកគ្របសង្កត់ ចុកណែនដោយសេចក្ដីសោកដ៏ធំ ហើយបានពោលថា កូនទាំងពីរធ្វើមរណកាលហើយ ទាំងប្ដីរបស់ខ្ញុំ ក៏ស្លាប់ក្នុងព្រៃ មាតាបិតា និងបងប្រុស ក៏ត្រូវគេដុតលើជើងថ្ករជាមួយគ្នា។
ID: 637643950973371226
ទៅកាន់ទំព័រ៖