ព្រះត្រៃបិដក ភាគ ៧៦
កាលនោះ ខ្ញុំជាស្រីស្គាំងស្គមផង កើតរោគលឿងផង ឥតមានទីពឹង មានចិត្តប្រកបដោយសេចក្ដីទុក្ខ លំដាប់នោះ ខ្ញុំដើរចេញទៅអំពីទីនេះ បានឃើញព្រះពុទ្ធ ព្រះអង្គជាសារថីរបស់ប្រជាជន។ លំដាប់នោះ ព្រះសាស្ដា ទ្រង់ត្រាស់ចំពោះខ្ញុំថា នាងចូរកុំសោកស្ដាយ ចំពោះកូនទាំងឡាយឡើយ ចូរនាងស្រស់ស្រាយឡើង ចូរនាងស្វែងរកខ្លួនរបស់នាងវិញ នាងព្រួយឥតប្រយោជន៍សោះទេ។ កូនទាំងឡាយ ពឹងពុំបាន ញាតិក៏ពឹងពុំបាន ទាំងផៅពង្សក៏ពឹងពុំបាន បុគ្គលដែលត្រូវសេចក្ដីស្លាប់គ្របសង្កត់ ទីពឹងចំពោះញាតិពុំបានឡើយ។ លុះខ្ញុំបានស្ដាប់ព្រះវាចានោះរបស់ព្រះមុនី ក៏បាននូវផលទី ១ ខ្ញុំបួសមិនយូរប៉ុន្មាន ក៏បានសម្រេចនូវព្រះអរហត្ត។ ខ្ញុំជាអ្នកស្ទាត់ក្នុងឫទ្ធិផង ក្នុងសោតធាតុជាទិព្វផង ខ្ញុំជាអ្នកធ្វើតាមសាសនានៃព្រះសាស្ដា រមែងដឹងនូវចិត្តនៃបុគ្គលដទៃផង។
ID: 637643951189933734
ទៅកាន់ទំព័រ៖