ព្រះត្រៃបិដក ភាគ ៧៦
ខ្ញុំដឹងនូវបុព្វេនិវាសៈ ទាំងទិព្វចក្ខុ ខ្ញុំបានជម្រះហើយ ខ្ញុំជាភិក្ខុនីបរិសុទ្ធឥតមានមន្ទិល ព្រោះបានញ៉ាំងអាសវៈទាំងពួងឲ្យអស់ហើយ។ លំដាប់នោះ ខ្ញុំបានរៀនវិន័យទាំងអស់ក្នុងសំណាក់របស់ព្រះពុទ្ធ ព្រះអង្គឃើញហេតុទាំងអស់ផង ខ្ញុំឆ្លើយដោះស្រាយនូវសេចក្តីពិស្ដារគ្រប់យ៉ាង តាមពិតផង។ ព្រះជិនស្រីត្រេកអរ ចំពោះគុណនោះហើយ តាំងខ្ញុំក្នុងទីជាឯតទគ្គៈថា នាងបដាចារា ជាភិក្ខុនីឯក ប្រសើរជាងពួកភិក្ខុនីអ្នកទ្រទ្រង់វិន័យ។ ព្រះសាស្ដា ខ្ញុំបានប្រព្រឹត្តតាមហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ ភារៈដ៏ធ្ងន់ ខ្ញុំបានដាក់ចេញហើយ តណ្ហាជាគ្រឿងនាំសត្វទៅកាន់ភព ខ្ញុំបានគាស់រំលើងចេញហើយ។ ខ្ញុំចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ដល់គុណធម៌ណា ប្រយោជន៍គឺគុណធម៌នោះរបស់ខ្ញុំ ជាទីអស់ទៅនៃសញ្ញោជនៈទាំងពួង ខ្ញុំក៏បានសម្រចហើយ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងហើយ ខ្ញុំជាអ្នកមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង។
ID: 637643951424621237
ទៅកាន់ទំព័រ៖