ព្រះត្រៃបិដក ភាគ ៧៦

កុណ្ឌល​កេស​វគ្គ ទី៣
កុណ្ឌ​លកេ​សី​ថេ​រិយា​បទាន ទី១


 [២១] ព្រះ​ជិនស្រី ព្រះ​នាម​បទុមុ​ត្ត​រៈ ព្រះអង្គ​ដល់​នូវ​ត្រើយ​នៃ​ធម៌​ទាំងពួង ជានា​យក ទ្រង់​កើតឡើង​ក្នុង​កប្ប​ទីមួយ​សែន អំពី​ភទ្ទកប្ប​នេះ។ គ្រានោះ ខ្ញុំ​កើត​ក្នុង​ត្រកូល​នៃ​សេដ្ឋី ក្នុង​ក្រុង​ហង្ស​វតី ជា​ត្រកូល​រុងរឿង​ដោយ​រតន​វត្ថុ​ផ្សេងៗ ខ្ញុំ​ជា​ស្រី​ស្កប់ស្កល់​ដោយ​សេចក្ដីសុខ​ច្រើនប្រការ។ ខ្ញុំ​ចូល​ទៅ​រក​ព្រះពុទ្ធ ជាម​ហា​វីរបុរស​អង្គ​នោះ ហើយ​បាន​ស្ដាប់ធម៌​ដ៏​ឧត្ដម លំដាប់នោះ ខ្ញុំ​មាន​សេចក្ដី​ជ្រះថ្លា​កើតឡើង​ហើយ បាន​ដល់​ព្រះ​ជិនស្រី​ជាទី​ពឹង។ ក្នុង​កាលនោះ​ឯង ព្រះពុទ្ធ​ជានា​យក ព្រះ​នាម​បទុមុ​ត្ត​រៈ ប្រកបដោយ​មហាករុណា ទ្រង់​តាំង​សុភា​ភិក្ខុនី ថា​ជា​ភិក្ខុនី​ប្រសើរ​ជាង​ពួក​ភិក្ខុនី​ដែល​ត្រាស់​ដឹង​ឆាប់រហ័ស។ លុះ​ខ្ញុំ​បាន​ស្ដាប់​ព្រះពុទ្ធ​វាចា​នោះ​ហើយ ខ្ញុំ​មាន​សេចក្ដីរីករាយ បាន​ថ្វាយ​ទាន​ដល់​ព្រះពុទ្ធ​ជាម​ហេ​សី ហើយ​ក្រាប​ចុះ​ទៀប​ព្រះ​បាទា​ដោយ​ត្បូង ប្រាថ្នា​នូវ​តំណែង​នោះ។
ថយ | ទំព័រទី ១១៨ | បន្ទាប់
ID: 637643951995403182
ទៅកាន់ទំព័រ៖