ព្រះត្រៃបិដក ភាគ ៧៦

ខ្ញុំ​កើត​ក្នុង​ទី​ណាៗ ខ្ញុំ​បាន​នូវ​ភាពជា​មហេសី​របស់​ស្ដេច​ទាំងឡាយ​ក្នុង​ទី​នោះៗ ព្រោះ​អានិសង្ស​នៃ​បុញ្ញកម្ម​នោះ​ឯង។ ខ្ញុំ​ច្យុត​ចាក​អត្តភាព​នោះ ហើយ​បាន​មក​កើត​ក្នុង​មនុស្សលោក បាន​នូវ​ភាពជា​មហេសី របស់​ស្ដេច​ចក្រពត្តិ​ទាំងឡាយ​ផង របស់​ស្ដេច​ក្នុង​មណ្ឌល​ទាំងឡាយ​ផង។ ខ្ញុំ​បាន​នូវ​សម្បត្តិ​ក្នុង​ទេវលោក​ផង ក្នុង​មនុស្សលោក​ផង ហើយ​ជា​ស្រី​ដល់​នូវ​សេចក្ដីសុខ​ក្នុង​ទី​ទាំងពួង អន្ទោល​ទៅ​ក្នុង​កប្ប​ដ៏​ច្រើន។ ព្រះពុទ្ធ​ព្រះ​នា​មកស្សបៈ ព្រះអង្គ​មានផៅ​ពង្ស​ដ៏​ប្រសើរ មានយស​ច្រើន ប្រសើរ​ជាង​ពួក​អ្នកប្រាជ្ញ ទ្រង់​កើតឡើង​ក្នុង​ភទ្ទកប្ប​នេះ។ គ្រានោះ ព្រះរាជា​ក្នុង​ដែន​កាសី ព្រះនាម​កិ​កី ក្នុង​ពារាណសី​បូរី​ដ៏​ឧត្ដម ជា​ឥស្សរៈ​លើ​ប្រជាជន បាន​ជា​ឧបដ្ឋាក​នៃ​ព្រះពុទ្ធ​ជាម​ហេ​សី។ ខ្ញុំ​ជា​ធីតា​ទី ៤ របស់​ព្រះរាជា​អង្គ​នោះ ដែល​ប្រាកដ​ថា ភិក្ខុ​ទាសី បាន​ស្ដាប់ធម៌​របស់​ព្រះ​ជិនស្រី​ដ៏​ប្រសើរ ហើយក៏​ពេញចិត្ត​ចំពោះ​បព្វជ្ជា។
ថយ | ទំព័រទី ១២០ | បន្ទាប់
ID: 637643952476184069
ទៅកាន់ទំព័រ៖