ព្រះត្រៃបិដក ភាគ ៧៦
អញនឹករកមើលខ្លួនអញ ចាប់តាំងពីអញដល់នូវភាពជាអ្នកដឹងក្ដីមក អញមិនដែលស្គាល់អ្នកដទៃឲ្យជាទីស្រឡាញ់ជាងនាងឡើយ។ អ្នកចូរមកនេះ ខ្ញុំនឹងបានកៀកកើយអ្នកសិន ហើយសូមធ្វើប្រទក្សិណអ្នក ថ្វាយបង្គំអ្នក ព្រោះថា ការរួបរួមគ្នារវាងខ្ញុំនឹងអ្នក មិនមានទៀតទេ។ (ទេវតាពោលថា) ប្រុសមិនមែនឈ្មោះថាបណ្ឌិតក្នុងហេតុទាំងអស់ទេ សូម្បីស្រីសោះ តែជាអ្នកមានឧបាយវាងវៃ ក្នុងហេតុនោះៗ ក៏ឈ្មោះថាបណ្ឌិតបាន។ ប្រុសមិនមែនឈ្មោះថាបណ្ឌិត ក្នុងហេតុទាំងអស់ទេ សូម្បីស្រីសោះ តែជាអ្នកគិតឃើញនូវប្រយោជន៍រហ័ស ក៏ឈ្មោះថាបណ្ឌិតដែរ។ បុគ្គលណា ត្រិះរិះឃើញនូវប្រយោជន៍ច្រើនដ៏រហ័សផង ឆាប់ផង ដូចជាបុគ្គលកាលឃើញតាមហេតុនៃសំបុត្រ ឬតម្រាដ៏វិចិត្រ បុគ្គលនោះឈ្មោះថាបណ្ឌិត គ្រានោះ ខ្ញុំបានសម្លាប់នូវចោរឈ្មោះសត្តុកៈ។
ID: 637643963390090069
ទៅកាន់ទំព័រ៖