ព្រះត្រៃបិដក ភាគ ៧៦
បុគ្គលណា មិនយល់ឆាប់នូវប្រយោជន៍ ដែលកើតឡើងហើយ បុគ្គលនោះឈ្មោះថា មានគំនិតទន់ រមែងទុក្ខព្រួយដូចជាចោរដែលធ្លាក់ចុះទៅក្នុងជ្រោះភ្នំ។ បុគ្គលណា យល់ច្បាស់ឆាប់នូវប្រយោជន៍ ដែលកើតឡើងហើយ បុគ្គលនោះ រមែងរួចអំពីការចង្អៀតដោយសត្រូវ ដូចជាខ្លួនខ្ញុំរួចចាកបុរសឈ្មោះសត្តុកៈ ក្នុងកាលនោះឯង។ ខ្ញុំច្រានបុរសឈ្មោះសត្តុកៈ ទៅក្នុងជ្រោះភ្នំ រួចហើយចូលទៅកាន់សំណាក់ពួកតាបស អ្នកស្លៀកពាក់សំពត់ស ហើយបួស។ ក្នុងកាលនោះ ខ្ញុំទុកសក់របស់ខ្ញុំ ដោយចន្ទាស ដោយប្រការទាំងពួង ហើយទើបបួស ពួកតាបសក៏ប្រាប់នូវលទ្ធិឥតមានចន្លោះឡើយ។ លំដាប់នោះ ខ្ញុំរៀននូវលទ្ធិនោះ ហើយអង្គុយតែម្នាក់ឯង គិតនូវលទ្ធិនោះ (គាប់ចួន) ឆ្កែក៏ពាំយកដៃរបស់មនុស្ស។ ឆ្កែពាំដៃរបស់មនុស្សដែលដាច់ មកទំលាក់ចោលក្នុងទីជិតខ្ញុំ ហើយចៀសចេញទៅ ខ្ញុំបានឃើញហើយ ក៏បាននូវនិមិត្តចំពោះត្រកូលនៃដង្កូវ ដែលឋិតនៅ (ក្នុងសាកសពនោះ)។
ID: 637643963592433817
ទៅកាន់ទំព័រ៖