ព្រះត្រៃបិដក ភាគ ៧៦
លំដាប់នោះ ខ្ញុំតក់ស្លុត ហើយក្រោកទៅសួរពួកសហធម្មិក ឯពួកសហធម្មិកទាំងនោះប្រាប់ថា ពួកភិក្ខុជាសក្យបុត្រ ទើបដឹងច្បាស់នូវសេចក្ដីនោះបាន។ ខ្ញុំនោះ បានចូលទៅរកពួកសាវ័ករបស់ព្រះពុទ្ធ ហើយសួរសេចក្ដីនោះ ពួកសាវ័កទាំងនោះ ក៏នាំខ្ញុំទៅក្នុងសំណាក់នៃព្រះពុទ្ធ ជាបុគ្គលប្រសើរ។ ព្រះពុទ្ធជានាយកនោះ ទ្រង់សម្ដែងនូវព្រះធម៌ ចំពោះខ្ញុំថា ខន្ធ អាយតនៈ ធាតុ ជាធម្មជាតិមិនស្អាតផង មិនទៀងផង ជាទុក្ខផង ជាអនត្តាផង។ លុះខ្ញុំបានស្ដាប់នូវធម៌របស់ព្រះអង្គហើយ បានជម្រះធម្មចក្ខុ គឺសោតាបត្តិផល លំដាប់នោះ ខ្ញុំបានដឹងច្បាស់នូវព្រះសទ្ធម្មហើយ ក៏សូមនូវបព្វជ្ជា និងឧប្បសម្បទា។ កាលនោះ ព្រះពុទ្ធជានាយក ដែលខ្ញុំសូមហើយ ទើបទ្រង់ត្រាស់ថា ម្នាលនាងដ៏ចម្រើន នាងចូរមកចុះ កាលនោះ ខ្ញុំក៏បានឧប្បសម្បទា ហើយបានឃើញទឹកបន្តិច។ ខ្ញុំដឹងនូវរូបប្រកបដោយការកើតឡើង និងការសូន្យទៅ ដោយគ្រាន់តែលាងជើង ហើយគិតក្នុងកាលនោះថា សង្ខាទាំងឡាយទាំងពួង មានសភាពដូចគ្នា។
ID: 637643963842433752
ទៅកាន់ទំព័រ៖