ព្រះត្រៃបិដក ភាគ ៧៦
លំដាប់នោះ ចិត្តរបស់ខ្ញុំ ក៏រួចស្រឡះចាកអាសវៈ ព្រោះមិនប្រកាន់ដោយប្រការទាំងពួង គ្រានោះ ព្រះជិនស្រី ទ្រង់តាំងខ្ញុំថា ប្រសើរលើសជាងភិក្ខុនី ដែលត្រាស់ដឹងឆាប់រហ័ស ខ្ញុំជាស្រីស្ទាត់ក្នុងឫទ្ធិទាំងឡាយផង ក្នុងសោតធាតុជាទិព្វផង ខ្ញុំជាអ្នកធ្វើតាមសាសនារបស់ព្រះសាស្ដា ដឹងនូវចិត្តនៃបុគ្គលដទៃផង។ ខ្ញុំដឹងនូវបុព្វេនិវាសៈ ទាំងទិព្វចក្ខុ ខ្ញុំបានជំរះហើយ ខ្ញុំជាភិក្ខុនីបរិសុទ្ធ មិនមានមន្ទិល ព្រោះញ៉ាំងអាសវៈទាំងពួងឲ្យអស់ហើយ។ ព្រះសាស្ដា ខ្ញុំបានប្រព្រឹត្តតាមហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានធ្វើហើយ ភារៈដ៏ធ្ងន់ ខ្ញុំដកចេញហើយ តណ្ហាជាគ្រឿងនាំទៅកាន់ភពថ្មី ខ្ញុំគាស់រំលើងចេញហើយ។ ខ្ញុំចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ដល់គុណធម៌ណា ប្រយោជន៍ គឺគុណធម៌នោះរបស់ខ្ញុំ ជាទីអស់ទៅនៃសញ្ញោជនៈទាំងពួង ខ្ញុំបានសម្រេចហើយ។ ញាណរបស់ខ្ញុំដ៏ទូលាយស្អាត ក្នុងអត្ថ ធម៌ និរុត្តិ និងបដិភាណ ក៏ដូចគ្នា ព្រោះហេតុនៃព្រះពុទ្ធជាបុគ្គលប្រសើរ។
ID: 637643964061965051
ទៅកាន់ទំព័រ៖