ព្រះត្រៃបិដក ភាគ ៧៦

កាលនោះ ខ្ញុំ​កើត​ក្នុង​ត្រកូល​មួយ នៅក្នុង​ក្រុង​ហង្ស​វតី បាន​ចូល​ទៅ​គាល់​ព្រះពុទ្ធ ព្រះ​នាម​បទុមុ​ត្ត​រៈ ទ្រង់​ប្រសើរ​ជាង​នរជន​នោះ ហើយ​យក​ព្រះអង្គ​ជាទី​ពឹង។ ខ្ញុំ​បាន​ស្ដាប់ធម៌​ដ៏​ពីរោះ​របស់​ព្រះអង្គ ជា​ធម៌​ប្រកបដោយ​សច្ចៈ ៤ មាន​អានិសង្ស​ដ៏​ក្រៃលែង នាំមក​នូវ​សេចក្ដី​ស្ងប់ និង​សេចក្ដីសុខ​ក្នុងចិត្ត។ កាលនោះ ព្រះពុទ្ធ​ជា​អ្នកប្រាជ្ញ ជា​បុរស​ដ៏​ខ្ពង់ខ្ពស់ ទ្រង់​សរសើរ​តាំង​ភិក្ខុនី អ្នក​ទ្រទ្រង់​ចីវរ​ដ៏​សៅហ្មង ក្នុង​ទី​ជា​ឯតទគ្គៈ។ ខ្ញុំ​ញ៉ាំង​បីតិ​មាន​ប្រមាណ​ច្រើន​ឲ្យ​កើត ស្ដាប់​នូវ​គុណ​នៃ​ភិក្ខុនី ខ្ញុំ​ធ្វើ​នូវ​គ្រឿង​សក្ការៈ​ដល់​ព្រះពុទ្ធ តាម​គួរ​ដល់​សេចក្ដី​អង់អាច តាម​គួរ​ដល់​កម្លាំង។ ខ្ញុំ​បាន​ក្រាប​ចុះ​ជិត​ព្រះអង្គ ជា​អ្នកប្រាជ្ញ មាន​ប្រាជ្ញា​ខ្ជាប់ខ្ជួន​នោះ ហើយ​ប្រាថ្នា​នូវ​តំណែង​នោះ កាលនោះ ព្រះសម្ពុទ្ធ ជានា​យក ទ្រង់​អនុមោទនា​ចំពោះ​ការបាន​នូវ​តំណែង​នោះ​ថា ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ ព្រះ​សាស្ដា ព្រះនាម​គោតម ទ្រង់​កើត​ក្នុង​ឱក្កា​កៈ​ត្រកូល នឹង​ត្រាស់​ឡើង​ក្នុង​លោក។
ថយ | ទំព័រទី ១២៨ | បន្ទាប់
ID: 637643964638214941
ទៅកាន់ទំព័រ៖