ព្រះត្រៃបិដក ភាគ ៧៦
ព្រះបិតានៃយើង ទ្រង់មិនអនុញ្ញាតឲ្យបួសទេ កាលនោះ យើងជាអ្នកមិនខ្ជិលច្រអូស បានប្រព្រឹត្តព្រហ្មចរិយធម៌សម្រាប់កុមារីអស់ ២ ម៉ឺនឆ្នាំក្នុងផ្ទះ។ យើងជាព្រះរាជធីតា ៧ នាក់ ជាកញ្ញានៃស្ដេច ឋិតនៅក្នុងសេចក្ដីសុខ ត្រេកអរ រីករាយក្នុងការបម្រើព្រះពុទ្ធ គឺ នាងសមណី ១ សមណគុត្តា ១ ភិក្ខុនី ១ ភិក្ខុទាសិកា ១ ធម្មា ១ សុធម្មា ១ សង្ឃទាសិកា ជាគំរប់ ៧។ (ព្រះរាជធីតា ៧ អង្គនោះ ចេរវិលវឹងមកបានជា) នាងខេមា ១ ឧប្បលវណ្ណា ១ បដាចារា ១ កុណ្ឌលា ១ ខ្ញុំ ១ ធម្មទិន្នា ១ វិសាខា ជាគំរប់ ៧។ ដោយកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់នូវចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស។ ឥឡូវនេះ មកដល់បច្ឆិមភព ខ្ញុំកើតក្នុងត្រកូលសេដ្ឋី ដែលជាអ្នកធ្លាក់ខ្លួនកំសត់ឥតទ្រព្យ ជាត្រកូលទន់ទាបវិញ តែខ្ញុំបានមានប្ដីត្រកូលសម្បូណ៌ដោយទ្រព្យសម្បត្តិ។ ជនទាំងឡាយដ៏សេស វៀរលែងតែប្ដីរបស់ខ្ញុំចេញ សុទ្ធតែជាអ្នកឥតទ្រព្យ ខ្ញុំប្រសូតកូនក្នុងកាលណា ជនទាំងពួងក៏អាណិតខ្ញុំក្នុងកាលនោះ។
ID: 637643965065402461
ទៅកាន់ទំព័រ៖