ព្រះត្រៃបិដក ភាគ ៧៦

កាលណា កូនខ្ចី​របស់ខ្ញុំ​នោះ ជា​កុមារ​តូច ឋិតនៅ​ក្នុង​សេចក្ដីសុខ ជាទីស្រឡាញ់​របស់ខ្ញុំ ដូចជា​ជីវិត​របស់​ខ្លួន កាលនោះ កូន​នោះ ក៏​លុះអំណាច​នៃ​សេចក្ដីស្លាប់​ទៅ។ ខ្ញុំ​មាន​សេចក្ដីសោក​គ្រប​សង្កត់ មានមុខ​ប្រកបដោយ​សេចក្ដីទុក្ខ មាន​ភ្នែក​ពេញដោយ​ទឹកភ្នែក មាន​មាត់​យំ ពសា​កសព​ដែល​ស្លាប់​នោះ ដើរ​យំ​ត្អូញត្អែរ។ កាលនោះ ខ្ញុំ​បាន​ជួប​បុរស​ម្នាក់ ក៏​ចូល​ទៅ​រក​ព្រះពុទ្ធ​ជា​គ្រូពេទ្យ​ដ៏​ប្រសើរ ហើយ​ពោល​ថា បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន សូម​ព្រះអង្គ​ឲ្យ​ថ្នាំ​ប្រោះ​កូន​ឲ្យ​រស់។ ព្រះ​ជិនស្រី ព្រះអង្គ​ជា​អ្នក​ឈ្លាសវៃ​ក្នុង​ឧបាយ​នៃ​ការ​ទូន្មាន ទ្រង់​ត្រាស់​ថា ជន​ទាំងឡាយ​ដែល​ស្លាប់​ហើយ មិន​មាន​ក្នុង​ផ្ទះ​ណា ចូរ​នាង​យក​គ្រាប់​ស្ពៃ​អំពី​ផ្ទះ​នោះ​មក (ឲ្យ​តថាគត)។ កាលនោះ ខ្ញុំ​ដើរទៅ​កាន់​ក្រុង​សាវត្ថី រក​មិនបាន​ផ្ទះ​ប្រាកដ​ដូច្នោះ ព្រោះហេតុនោះ នឹង​រក​គ្រាប់​ស្ពៃ​អំពី​ផ្ទះ​ណា​បាន លំដាប់នោះ ខ្ញុំ​ក៏បាន​នូវ​ស្មារតី​ឡើង។
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 637643965297746271
ទៅកាន់ទំព័រ៖