ព្រះត្រៃបិដក ភាគ ៧៦

កាលនោះ ខ្ញុំ​កើត​ក្នុង​ត្រកូល​មួយ ក្នុង​ក្រុង​ហង្ស​វតី ជា​អ្នកធ្វើ​នូវ​ការងារ​នៃជ​នដ​ទៃ ខ្ញុំ​មាន​ប្រាជ្ញា​ចាស់ សង្រួម​ក្នុង​សីល។ ព្រះ​ថេរៈ​ឈ្មោះ​សុជាត ជា​អគ្គសាវ័ក​នៃ​ព្រះពុទ្ធ ព្រះ​នាម​បទុមុ​ត្ត​រៈ ចេញ​អំពី​វត្ត​ទៅ​ដើម្បី​បិណ្ឌបាត។ កាលនោះ ខ្ញុំ​ចេញទៅ​ដងទឹក កាន់​ក្អម​ដើរទៅ បានឃើញ​ព្រះ​ថេរៈ​នោះ ក៏​មាន​សេចក្ដី​ជ្រះថ្លា បាន​ប្រគេន​នំ​ដោយដៃ​របស់​ខ្លួន។ ព្រះ​ថេរៈ​នោះ ទទួល​នំ​ហើយ ក៏​គង់​ឆាន់​ក្នុង​ទីនោះ លំដាប់នោះ ម្ចាស់​របស់ខ្ញុំ មានចិត្ត​ត្រេកអរ​នឹង​ខ្ញុំ បាន​យក​ខ្ញុំ​ធ្វើជា​កូនប្រសា​របស់​ខ្លួន ខ្ញុំ​ទៅជាមួយ​នឹង​ម្ដាយក្មេក ថ្វាយបង្គំ​ព្រះសម្ពុទ្ធ។ គ្រានោះ ព្រះអង្គ​ទ្រង់​តាំង​ភិក្ខុនី​មួយ​រូប ជា​ធម្ម​កថិ​កា អ្នក​សម្ដែងធម៌​ដល់​បរិស័ទ ក្នុង​ទី​ជា​ឯតទគ្គៈ ខ្ញុំ​បាន​ស្ដាប់​ពុទ្ធតម្រាស់​នោះ​ហើយ ក៏​មានចិត្ត​រីករាយ​ខ្លាំង។ ខ្ញុំ​និមន្ត​ព្រះ​សុគត ជា​លោកនាយក ព្រមទាំង​ភិក្ខុសង្ឃ ថ្វាយ​មហាទាន ហើយ​ប្រាថ្នា​នូវ​តំណែង​នោះ។
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 637643966391496357
ទៅកាន់ទំព័រ៖