ព្រះត្រៃបិដក ភាគ ៧៦

លំដាប់នោះ ព្រះ​សុគត ព្រះអង្គ​មានសម្លេង​ណែន​រំពង​ពីរោះ ត្រាស់​នឹង​ខ្ញុំ​ថា នាង​ជា​ស្រី​ត្រេកអរ​ក្នុង​ការបម្រើ​តថាគត ជា​អ្នកអង្គាស​តថាគត ព្រមទាំង​ភិក្ខុសង្ឃ។ នាង​ជា​អ្នក​ប្រកប​ក្នុង​ការ​ស្ដាប់​នូវ​ព្រះ​សទ្ធម្ម មានចិត្ត​ចម្រើន​ដោយ​គុណ ម្នាលនាង​ដ៏​ចម្រើន នាង​ចូរ​រីករាយ​ចុះ នាង​នឹង​បានផល​ដែល​នាង​តាំង​ប្រាថ្នា​នុ៎ះ។ ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ ព្រះ​សាស្ដា ព្រះនាម​គោតម កើត​ក្នុង​ត្រកូល​ក្សត្រ​ឱក្កា​កៈ នឹង​ត្រាស់​ឡើង​ក្នុង​លោក។ នាង​នឹង​បាន​ជា​ញាតិ​ក្នុង​ធម៌​នៃ​ព្រះពុទ្ធអង្គ​នោះ ជា​ឱរស ជា​ធម្ម​និម្មិត បាន​ជា​សាវិកា​នៃ​ព្រះ​សាស្ដា មានឈ្មោះ​ថា ធម្ម​ទិ​ន្នា។ ខ្ញុំ​បាន​ស្ដាប់​ព្យាករណ៍​នោះ ក៏​រីករាយ មានចិត្ត​ប្រកបដោយ​មេត្តា បម្រើ​ព្រះ​មហាមុនី ជានា​យក ដោយ​បច្ច័យ​ទាំងឡាយ ដរាបដល់​អស់ជីវិត។ ដោយ​កុសលកម្ម​ដែល​ខ្ញុំ​ធ្វើល្អ​នោះ​ផង ដោយ​ការ​តម្កល់​ចេតនា​នោះ​ផង លុះ​ខ្ញុំ​លះបង់​រាងកាយ​ជា​របស់​មនុស្ស​ហើយ ក៏បាន​ទៅ​កើត​ក្នុង​ឋាន​តាវត្តឹង្ស។
ថយ | ទំព័រទី ១៣៦ | បន្ទាប់
ID: 637643966619308661
ទៅកាន់ទំព័រ៖