ព្រះត្រៃបិដក ភាគ ៧៦

សីល ៥ ជា​របស់​មិន​វឹកវរ​យ៉ាងនេះ ជា​របស់​សូន្យ​ពួក​តិរ្ថិយ ជា​របស់​ដែល​ព្រះ​អរហន្ដ​ទាំងឡាយ អ្នកមាន​សេចក្ដី​ស្ទាត់ជំនាញ ប្រកបដោយ​តា​ទិ​គុណ​វិចិត្រ​ហើយ។ ព្រះពុទ្ធ​ព្រះ​នាម​បទុមុ​ត្ត​រៈ​នោះ ជា​អ្នកប្រាជ្ញ​ធំ មាន​កំពស់ ៥៨ហត្ថ មាន​ទ្រង់ទ្រាយ​ដូច​ចេតិយ​មាស មាន​លក្ខណៈ ៣២ ដ៏​ប្រសើរ។ ព្រះអង្គ​មាន​ព្រះជន្ម​មួយ​សែន​ឆ្នាំ​ជា​កំណត់ ទ្រង់​ឋិតនៅ​អស់​កាល​ប៉ុណ្ណោះ ទ្រង់​ញ៉ាំង​ប្រជុំជន​ជាច្រើន​ឲ្យ​ឆ្លង​ហើយ។ កាលនោះ ខ្ញុំ​កើត​ក្នុង​ត្រកូល​សេដ្ឋី ជា​ត្រកូល​រុងរឿង​ដោយ​កែវ​ផ្សេងៗ ជា​អ្នក​ស្កប់ស្កល់​ដោយ​សេចក្ដីសុខ​ដ៏​ធំ នៅក្នុង​ក្រុង​ហង្ស​វតី។ ខ្ញុំ​បាន​ចូល​ទៅ​គាល់​ព្រះពុទ្ធអង្គ​នោះ ព្រះអង្គ​មាន​ព្យាយាម​ធំ ខ្ញុំ​បាន​ស្ដាប់​នូវ​ធម៌​ទេសនា គឺ​អមត​និព្វាន ជា​ធម៌​មាន​អានិសង្ស​ក្រៃលែង មានប្រយោជន៍​យ៉ាង​ល្អិតល្អន់ ជា​ធម៌​ដែល​ព្រះអង្គ​សំដែង​ហើយ។ គ្រានោះ ខ្ញុំ​មានចិត្ត​ជ្រះថ្លា​ខ្លាំង បាន​និមន្ត​ព្រះ​លោកនាយក ព្រមទាំង​ភិក្ខុសង្ឃ ហើយ​ថ្វាយ​មហាទាន​ដល់​ព្រះអង្គ ដោយដៃ​របស់​ខ្លួន។
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 637643969873840101
ទៅកាន់ទំព័រ៖