ព្រះត្រៃបិដក ភាគ ៧៦

ខ្ញុំ​ក្រាប​ជិត​ព្រះ​លោកនាយក ព្រះអង្គ​មាន​ព្យាយាម ព្រមទាំង​ព្រះសង្ឃ​ដោយ​ត្បូង ហើយ​ប្រាថ្នា​នូវ​តំណែង​ដ៏​ប្រសើរ ជាង​ពួក​ភិក្ខុនី​ដែល​មាន​ឈាន។ កាលនោះ ព្រះអង្គ​ទូន្មាន​សត្វ​ដែល​មិនទាន់​ទូន្មាន​ហើយ ជាទី​ពឹង​នៃ​លោក​ទាំង ៣ មាន​រស្មី ព្រះអង្គ​ជា​នាយ​សារថី​របស់​ពួក​នរជន ទ្រង់ព្យាករ​ថា នាង​នឹង​បាន​នូវ​តំណែង​ដែល​នាង​ប្រាថ្នា​ហើយដោយ​ប្រពៃ​នុ៎ះ។ ក្នុង​មួយ​សែន​កប្ប អំពី​កប្ប​នេះ ព្រះ​សាស្ដា ព្រះនាម​គោតម សម្ភព​ក្នុង​ឱក្កា​កត្រកូល នឹង​ត្រាស់​ឡើង​ក្នុង​លោក។ នាង​នឹង​បាន​ជា​ញាតិ​ក្នុង​ធម៌​ទាំងឡាយ របស់​ព្រះ​សាស្ដា​អង្គ​នោះ ជា​ឱរស ជា​ធម្ម​និម្មិត ជា​សាវិកា​នៃ​ព្រះ​សាស្ដា មានឈ្មោះ​ថា នា​ងន​ន្ទា។ កាលនោះ ខ្ញុំ​បាន​ស្ដាប់​ពុទ្ធព្យាករណ៍​នោះ​ហើយ ក៏​មានចិត្ត​រីករាយ មានចិត្ត​ប្រកបដោយ​មេត្តា បម្រើ​ព្រះ​ជិនស្រី ព្រះអង្គ​ជានា​យក ដោយ​បច្ច័យ​ទាំងឡាយ ដរាបដល់​អស់ជីវិត។ ដោយ​កុសលកម្ម ដែល​ខ្ញុំ​ធ្វើល្អ​នោះ​ផង ដោយ​ការ​តម្កល់​នូវ​ចេតនា​នោះ​ផង ខ្ញុំ​លះបង់​រាងកាយ​ជា​របស់​មនុស្ស​ហើយ ក៏បាន​ទៅ​កើត​ក្នុង​ឋាន​តាវត្តឹង្ស។
ថយ | ទំព័រទី ១៤៩ | បន្ទាប់
ID: 637643970092746314
ទៅកាន់ទំព័រ៖