ព្រះត្រៃបិដក ភាគ ៧៦
ជនទាំងឡាយ តែងរាប់អាននូវព្រះសម្ពុទ្ធ អញអង្គុយនៅជិតទ្វារ កាលណាព្រះសម្ពុទ្ធទ្រង់ហៅថា នាងចូរមក អញនឹងបូជានូវព្រះមហាមុនី ក្នុងកាលនោះ។ ព្រះជិនស្រីប្រកបដោយភិក្ខុសង្ឃ ស្តេចមកតាមផ្លូវថ្នល់ ទ្រង់ល្វាសល្វន់ដូចជាដើមថ្ងាន់ត្រូវខ្យល់ ឬដូចជាកេសររាជសីហ៍ជាស្តេចម្រឹគ។ ខ្ញុំជាអ្នកមានចិត្តរីករាយ លុះឃើញរស្មីព្រះពុទ្ធ ក៏មានចិត្តសង្វេគ មិនទាន់ដល់ទ្វារ ក៏បូជាចំពោះព្រះពុទ្ធដ៏ប្រសើរ។ ខ្ញុំធ្វើផ្កាឧប្បល ៧ កម្រង ត្រដាងឰដ៏អាកាស ផ្កាទាំងនោះ ក៏បាំងខាងលើព្រះសីរនៃព្រះពុទ្ធ។ ខ្ញុំមានចិត្តខ្ពស់ឡើង មានចិត្តរីករាយ មានចិត្តត្រេកអរ ធ្វើអញ្ជលី ហើយញ៉ាំងចិត្តឲ្យជ្រះថ្លា ក្នុងព្រះពុទ្ធនោះ ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស។ ផ្កាទាំងឡាយ បាំងធ្វើជាដំបូលនៃរោងធំ ខាងលើក្បាលខ្ញុំ ក្លិនជាទិព្វ ក៏ផ្សាយទៅ នេះជាផលនៃផ្កាឧប្បល ៧ កម្រង។ កាលពួកញាតិនាំខ្ញុំទៅ ក្នុងកាលម្តងៗ បរិស័ទរបស់ខ្ញុំ មានចំនួនត្រឹមណា ផ្កាទាំងឡាយក៏បាំងជារោង មានចំនួនត្រឹមនោះ។
ID: 637643926116183771
ទៅកាន់ទំព័រ៖