ព្រះត្រៃបិដក ភាគ ៧៦

មួយទៀត ខ្ញុំ​ប្រាកដជា​ស្រី​មាន​លំអ ជាង​ស្រីក្រមុំ​ទាំងអស់ វៀរលែងតែ​ព្រះនាង​យសោធរា ក្នុង​នគរ​ជាទី​រីករាយ​នោះ​ចេញ។ បងប្រុស​ច្បង (របស់ខ្ញុំ) បាន​ជាកំពូល​នៃ​លោក​ទាំង ៣ បងប្រុស​បន្ទាប់​ខាងក្រោយ ជា​ព្រះ​អរហន្ដ​ដូចគ្នា ខ្ញុំ​នៅជា​គ្រហស្ថ​តែម្នាក់ឯង ដែល​មាន​មាតា​តែង​ដាស់តឿន​ថា នាង​ជា​ព្រះ​អនុជា​នៃ​ព្រះពុទ្ធ កើត​ក្នុង​ត្រកូល​សក្យ​បុត្រ នាង​បើ​វៀរចាក​សេចក្ដីត្រេកអរ​ក្នុង​ធម៌​ហើយ តើ​នឹង​បាន​នូវ​អ្វី​ក្នុង​ផ្ទះ។ សេចក្ដីចម្រើន មាន​ជរា​ជាទីបំផុត រូប​ជា​របស់​ដែល​សន្មត​ថា​មិន​ស្អាត ការ​មិន​មាន​រោគ មាន​រោគ​ជាទីបំផុត ជីវិត​មាន​សេចក្ដីស្លាប់​ជាទីបំផុត។ រូប​របស់​នាង​នេះ​ល្អ គួរ​រមិលមើល គួរ​រីករាយ ជា​គ្រឿងប្រដាប់​របស់​អ្នក​ស្អិតស្អាង​ទាំងឡាយ ដូចជា​ទីលំនៅ​ដែល​មាន​សិរី។ (រូប​របស់​នាង) ដែលគេ​បូជា​ហើយ ដូចជា​វត្ថុ​មាន​ខ្លឹម​ក្នុង​លោក ជាទី​នាំមក​នូវ​រស​ដល់​ភ្នែក​ទាំងឡាយ ជាទី​ញ៉ាំង​កិត្តិស័ព្ទ​ឲ្យ​កើត​ដល់​ជន​អ្នកមាន​បុណ្យ​ទាំងឡាយ ជាទី​ញ៉ាំង​ឱក្កា​កត្រកូល​ឲ្យ​ត្រេកអរ។
ថយ | ទំព័រទី ១៥១ | បន្ទាប់
ID: 637643970530402433
ទៅកាន់ទំព័រ៖