ព្រះត្រៃបិដក ភាគ ៧៦

អស់​កាល​មិនយូរ​ប៉ុន្មាន ជរា​នឹង​គ្រប​សង្កត់ (នូវ​រូប​របស់​នាង) មិនខាន នាង​គួរ​លះបង់​ផ្ទះ ដែល​អ្នកប្រាជ្ញ​គប្បី​តិះដៀល ហើយ​ប្រព្រឹត្ត​ធម៌ ដែល​អ្នកប្រាជ្ញ​មិន​តិះដៀល​វិញ។ ខ្ញុំ​បាន​ស្ដាប់​ពាក្យ​របស់​មាតា ជា​អ្នកមាន​ចិត្ត​មិន​រលោរលាំ​ដោយ​រាងកាយ និង​រូប និង​វ័យ ហើយ​ចូល​ទៅកាន់​ផ្នួស។ មាតា​របស់ខ្ញុំ ពោល​ដើម្បី​ធ្វើ​នូវ​សេចក្ដី​រំឭក ដោយ​ការ​រៀន​ឈាន​ដ៏​ធំ ជា​ធម្មជាត​ស្អាត តែ​ខ្ញុំ​មិនបាន​ខ្វល់ខ្វាយ ក្នុង​ការ​រៀន​ឈាន​នោះ​ទេ។ លំដាប់នោះ ព្រះ​ជិនស្រី ប្រកបដោយ​មហាករុណា ឃើញ​ខ្ញុំ​មានមុខ​ដូច​ផ្កាឈូក ទ្រង់​និម្មិត​ស្រី​ល្អ​គួរ​រមិលមើល រុងរឿង​ក្រៃពេក មាន​រូបល្អ​ជាង​ខ្ញុំ ក្នុងរង្វង់​ចក្ខុ​របស់ខ្ញុំ ដើម្បីឲ្យ​ខ្ញុំ​នឿយណាយ​ក្នុង​រូប ដោយ​អានុភាព​នៃ​ព្រះអង្គ។ ខ្ញុំ​ឃើញ​ស្រី​នោះ មាន​រាងកាយ​អស្ចារ្យ​ក្រៃពេក ក៏​ស្ងើច​គិតថា ភ្នែក​របស់​អញ ប្រកបដោយ​ផល ព្រោះ​រូប​ជា​របស់​មនុស្ស​នេះ ជា​លាភ​នៃ​ភ្នែក។
ថយ | ទំព័រទី ១៥២ | បន្ទាប់
ID: 637643970732590293
ទៅកាន់ទំព័រ៖