ព្រះត្រៃបិដក ភាគ ៧៦

ពួក​ពាល​តែង​ត្រេកអរ​ក្នុង​រូប​ណា រូប​ទាំងអស់​នោះ ដែល​កើត​ហើយ ជាស​រី​រៈ​មាន​ក្លិនស្អុយ គួរខ្លាច ជាទី​ខ្ពើមរអើម​ដូចជា​ព្រៃស្មសាន។ កាលនោះ ព្រះ​សាស្ដា​ជា​បង​របស់ខ្ញុំ ប្រកបដោយ​មហាករុណា ជានា​យក​នៃ​សត្វលោក ទ្រង់​ឃើញ​ខ្ញុំ​មានចិត្ត​តក់ស្លុត ទ្រង់​បាន​ត្រាស់​នូវ​គាថា​ទាំងនេះ​ថា ម្នាល​នា​ងន​ន្ទា នាង​ចូរ​មើល​នូវ​សាកសព ដែល​ឈឺ​ជានិច្ច មាន​ក្លិនស្អុយ មាន​ឆ្អឹង ៣០០ កំណាត់​លើកឡើង​ហើយ នាង​ចូរ​ចម្រើន​ចិត្ត​ដោយ​អសុភ​កម្មដ្ឋាន ឲ្យ​ជា​ចិត្ត​មាន​អារម្មណ៍​តែមួយ តាំងនៅ​មាំ​ដោយ​ប្រពៃ​ចុះ។ រូប​របស់​នាង​នេះ​យ៉ាងណា រូប​របស់​ស្រី​នុ៎ះ ក៏​យ៉ាងនោះ​ដែរ រូប​របស់​ស្រី​នុ៎ះ​យ៉ាងណា រូប​របស់​នាង​នេះ ក៏​យ៉ាងនោះ​ដែរ រូប​នេះ​មាន​ក្លិនអាក្រក់​ស្អុយ​ផ្សាយ​ទៅ តែ​ពួក​ពាល​ប្រាថ្នា​ក្រៃពេក។ ជន​ទាំងឡាយ ដែល​មិន​ខ្ជិល​ទាំងយប់​ទាំង​ថ្ងៃ រមែង​ពិចារណា​ឃើញ​រូប​នុ៎ះ យ៉ាងនេះ​ឯង នាង​នឿយណាយ​ចាក​រូប​នោះ ហើយ​ឃើញ​ដោយ​ប្រាជ្ញា​របស់​ខ្លួន​ចុះ។
ថយ | ទំព័រទី ១៥៥ | បន្ទាប់
ID: 637643971532589974
ទៅកាន់ទំព័រ៖