ព្រះត្រៃបិដក ភាគ ៧៦

លំដាប់នោះ ខ្ញុំ​បាន​ស្ដាប់​នូវ​គាថា​ជា​សុភាសិត ក៏​មានចិត្ត​តក់ស្លុត ខ្ញុំ​ឋិតនៅ​ក្នុង​ទីនោះ មានចិត្ត​ស្ងប់ បាន​ដល់​នូវ​ព្រះ​អរហត្ត។ កាលនោះ ខ្ញុំ​អង្គុយ​ក្នុង​ទី​ណាៗ ក៏​មាន​ឈាន​ជាទី​ប្រព្រឹត្តទៅ​ខាងមុខ ព្រះ​ជិនស្រី ត្រេកអរ​ក្នុង​គុណ​នោះ​ហើយ ទ្រង់​តាំង​ខ្ញុំ​ក្នុង​ទី​ជា​ឯតទគ្គៈ។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​ស្រី​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូច​មេ​ដំរី​កាត់ផ្ដាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​ជា​បុគ្គល​ប្រសើរ វិជ្ជា ៣ ខ្ញុំ​បានសម្រេច​ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ ខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
 បានឮ​ថា ព្រះ​នន្ទា​ភិក្ខុនី​ជនបទ​កល្យាណី​មាន​អាយុ បាន​សម្ដែង​នូវ​គាថា​ទាំងនេះ ដោយ​ប្រការ​ដូច្នេះ។

ចប់ នន្ទា​ថេ​រិយា​បទាន។

ថយ | ទំព័រទី ១៥៦ | បន្ទាប់
ID: 637643971795090103
ទៅកាន់ទំព័រ៖