ព្រះត្រៃបិដក ភាគ ៧៦
ភិក្ខុនីទាំងនោះស្ងើច ហើយក្រាបទូលសេចក្ដីនុ៎ះ ចំពោះព្រះជិនស្រីដ៏ប្រសើរ ព្រះពុទ្ធជាទីពឹងនៃសត្វលោក ទ្រង់ព្រះសណ្ដាប់សេចក្ដីនោះហើយ ក៏រីករាយ ត្រាស់គាថានេះថា បុគ្គលណាមួយ ជាអ្នកខ្ជិលច្រអូស មានព្យាយាមថោកថយ គប្បីរស់នៅអស់មួយរយឆ្នាំ ជីវិតរបស់បុគ្គលដែលមានព្យាយាមប្រារព្ធមាំ រស់នៅតែមួយថ្ងៃ ប្រសើរជាង។ ព្រះមហាមុនី មានព្យាយាមធំ ខ្ញុំបានធ្វើឲ្យរីករាយហើយ ដោយសេចក្ដីប្រតិបត្តិដ៏ប្រពៃ ហើយទ្រង់ត្រាស់ថា ខ្ញុំជាស្រីប្រសើរផុត ជាងភិក្ខុនីទាំងឡាយ អ្នកមានព្យាយាមប្រារព្ធហើយ។ កិលេសទាំងឡាយ ខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ ខ្ញុំគាស់រំលើងចេញហើយ ខ្ញុំជាស្រីមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង។ ឱ! ខ្ញុំមកល្អហើយ ក្នុងសំណាក់នៃព្រះពុទ្ធជាបុគ្គលប្រសើរ វិជ្ជា ៣ ខ្ញុំបានសម្រេចហើយ សាសនារបស់ព្រះពុទ្ធ ខ្ញុំបានធ្វើហើយ។
ID: 637643972716340318
ទៅកាន់ទំព័រ៖