ព្រះត្រៃបិដក ភាគ ៧៦
ព្រះពុទ្ធជានាយក ទ្រង់សរសើរនូវសាវ័ក ថាជាអ្នកប្រសើរជាងភិក្ខុទាំងឡាយ អ្នកពោលពាក្យជាគ្រឿងកម្ចាត់បង់នូវកិលេស។ ខ្ញុំបានស្ដាប់ហើយ ថ្វាយទានដល់ព្រះពុទ្ធជាតាទិបុគ្គល អស់ ៧ ថ្ងៃ។ ខ្ញុំក្រាបទៀបព្រះបាទាដោយសិរ្សៈ ប្រាថ្នាតំណែងនោះ គ្រានោះ ព្រះអង្គជាអ្នកឆ្នើមជាងនរៈ ទ្រង់ញ៉ាំងបរិស័ទឲ្យរីករាយ ហើយទ្រង់ត្រាស់គាថាទាំងនេះ ដើម្បីអនុគ្រោះសេដ្ឋីថា ម្នាលកូន អ្នកនឹងបានតំណែងដែលអ្នកប្រាថ្នាហើយ អ្នកចូរបានរំលត់ទុក្ខចុះ។ ក្នុងកប្បទីមួយសែន អំពីកប្បនេះ ព្រះសាស្ដា ព្រះនាមគោតម កើតក្នុងឱក្កាកត្រកូល នឹងត្រាស់ឡើងក្នុងលោក។ សេដ្ឋីនោះ នឹងបានជាញាតិ ក្នុងធម៌ទាំងឡាយនៃព្រះសាស្ដានោះ ជាឱរស ជាធម្មនិម្មិត ជាសាវ័កនៃព្រះសាស្ដា មានឈ្មោះថា កស្សប។ កាលនោះ ខ្ញុំបានស្ដាប់ព្យាករណ៍នោះហើយ ក៏រីករាយ មានចិត្តប្រកបដោយមេត្តា បម្រើព្រះជិនស្រី ព្រះអង្គជានាយកនៃសត្វលោក ដោយបច្ច័យទាំងឡាយ ដរាបដល់អស់ជីវិត។
ID: 637643973259621973
ទៅកាន់ទំព័រ៖