ព្រះត្រៃបិដក ភាគ ៧៦

ព្រះពុទ្ធអង្គ​នោះ ញ៉ាំង​សាសនា​ឲ្យ​រុងរឿង ញាំញី​នូវ​តិរ្ថិយ​អាក្រក់​ទាំងឡាយ ទូន្មាន​នូវ​វេនេយ្យសត្វ ព្រះអង្គ ព្រមទាំង​សាវ័ក បរិនិព្វាន​ហើយ។ កាល​ព្រះមានព្រះភាគ ជាកំពូល​នៃ​សត្វលោក​នោះ និព្វាន​ហើយ មហាជន​បាន​ប្រជុំ​ញាតិ និង​មិត្ត មួយអន្លើដោយ​សាវ័ក​ទាំងឡាយ​នោះ បាន​ញ៉ាំង​ជន​ឲ្យ​ធ្វើ​ព្រះ​ស្ដូ​ប ជា​វិការៈ​នៃ​កែវ កម្ពស់ ៧ យោជន៍ ដ៏​រុងរឿង​ដូច​ព្រះអាទិត្យ ឬដូច​ស្ដេច​ឈើ​មាន​ផ្ការីក ដើម្បី​បូជា​ព្រះ​សាស្ដា។ ខ្ញុំ​បាន​ឲ្យ​គេ​សាង​ភាជន៍ ៧ អស់ទ្រព្យ ៧ សែន ភាជន៍​ទាំងនោះ រុងរឿង​ដោយ​កែវ ៧ ដូច​ភ្លើង​ឆេះ​បបុស។ ខ្ញុំ​ញ៉ាំង​ប្រទីប​ទាំងនោះ ឲ្យ​ពេញដោយ​ប្រេង​ក្រអូប ហើយ​អុជ​បំភ្លឺ​ក្នុង​ទីនោះ ដើម្បី​បូជា​ព្រះពុទ្ធ ទ្រង់​ស្វែងរក​គុណ​ធំ ទ្រង់​អនុគ្រោះ​ដល់​សត្វ​ទាំងពួង។ ខ្ញុំ​សាង​ក្អម​ដ៏​ពេញ​ចំនួន ៧ សែន ដ៏​ពេញដោយ​កែវ ៧ ដើម្បី​បូជា​ដល់​ព្រះពុទ្ធ ទ្រង់​ស្វែងរក​គុណ​ដ៏​ធំ។ គ្រឿងបូជា​ជា​វិការៈ​នៃ​មាស ដែល​បុគ្គល​លើកឡើង​ហើយ ក្នុង​កណ្ដាល​នៃ​ក្អម​ប្រាំ​បីៗ ដ៏​រុងរឿង​ដោយ​សម្បុរ ដូចជា​ព្រះអាទិត្យ​ក្នុង​សរទ​សម័យ។
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 637643973468058901
ទៅកាន់ទំព័រ៖