ព្រះត្រៃបិដក ភាគ ៧៦
ក្លោងទ្វារជាវិការៈនៃកែវល្អ ក្នុងទ្វារទាំង ៤ ផែនក្ដារ ជាវិការៈនៃកែវ ជាទីរីករាយ ដែលបុគ្គលលើកឡើងហើយក៏ល្អ។ របងទាំងឡាយ មានកំពូល ដែលបុគ្គលតាក់តែងល្អរុងរឿង ទង់ទាំងឡាយ ជាវិការៈនៃកែវ ដែលបុគ្គលលើកឡើងហើយ ក៏រុងរឿង។ ចេតិយនេះ ជាវិការៈនៃកែវមានសម្បុរក្រហមល្អ ដែលបុគ្គលធ្វើហើយដោយប្រពៃ រុងរឿងដោយសម្បុរ ដូចជាព្រះអាទិត្យក្នុងវេលាថ្ងៃល្ងាច។ ខ្ញុំបានញ៉ាំងទិសទាំង ៣ នៃព្រះស្ដូបរបស់ខ្ញុំឲ្យពេញ គឺទិសមួយ ពេញដោយថ្មហរិតាល ទិសមួយ ពេញដោយថ្មមនោសិលា ទិសមួយ ពេញដោយថ្មមានពណ៌ខៀវ។ ខ្ញុំបានញ៉ាំងជនឲ្យធ្វើនូវការបូជា ជាទីរីករាយ ប្រាកដដូចនុ៎ះ ដល់ព្រះពុទ្ធមានវាទៈដ៏ប្រសើរ ហើយឲ្យទានដល់ព្រះសង្ឃ តាមសមគួរដល់កម្លាំង ដរាបដល់អស់ជីវិត។ ខ្ញុំធ្វើបុណ្យទាំងនោះ ដោយសព្វគ្រប់ ជាមួយនឹងសេដ្ឋីនោះ ដរាបដល់អស់ជីវិត ហើយក៏បានទៅកាន់សុគតិជាមួយគ្នា។
ID: 637643973680558723
ទៅកាន់ទំព័រ៖