ព្រះត្រៃបិដក ភាគ ៧៦
ខ្ញុំបានសោយសម្បត្តិទាំងឡាយ ក្នុងអត្តភាពជាទេវតា និងមនុស្ស អន្ទោលទៅជាមួយនឹងសេដ្ឋីនោះ ដូចជាស្រមោលអន្ទោលទៅតាមសរីរៈ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រះពុទ្ធជានាយក ទ្រង់ព្រះនាមវិបស្សី មានព្រះនេត្រដូចមាស ពិចារណាឃើញច្បាស់នូវធម៌ទាំងពួង ទ្រង់កើតឡើង។ គ្រានោះ មានព្រាហ្មណ៍ម្នាក់ក្នុងក្រុងពន្ធុមតី គេសន្មតថាជាសប្បុរស ជាអ្នកមាំមួន ស្ងប់ស្ងាត់ដោយគុណ តែជាអ្នកខ្សត់ទ្រព្យក្រៃពេក។ កាលនោះ ខ្ញុំជាព្រាហ្មណីរបស់ព្រាហ្មណ៍នោះ មានចិត្តស្មើគ្នា ជួនកាល ព្រាហ្មណ៍ប្រសើរនោះ បានគប់រកព្រះមហាមុនី ដែលគង់សម្ដែងអមតនិព្វានក្នុងពួកជន គាត់បានស្ដាប់ធម៌ ក៏មានចិត្តរីករាយ បានថ្វាយសំពត់សាដកមួយ ហើយទៅកាន់ផ្ទះដោយសំពត់មួយ ហើយពោលពាក្យនេះនឹងខ្ញុំថា ម្នាលនាងមានបុណ្យធំ នាងចូររីករាយចំពោះសំពត់សាដក ដែលបងបានថ្វាយដល់ព្រះពុទ្ធចុះ។
ID: 637643973895418180
ទៅកាន់ទំព័រ៖