ព្រះត្រៃបិដក ភាគ ៧៦
កាលនោះ ខ្ញុំដឹងច្បាស់ បានធ្វើអញ្ជលីអនុមោទនាថា បពិត្រស្វាមី ខ្ញុំសូមអនុមោទនាសាដកដែលអ្នកថ្វាយហើយ ដោយប្រពៃដល់ព្រះពុទ្ធដ៏ប្រសើរ ទ្រង់មិនញាប់ញ័រដោយលោកធម៌។ ប្ដីនៃខ្ញុំនោះ ដល់ហើយនូវសេចក្ដីសុខ ត្រូវបុញ្ញកម្មចាត់ចែង កាលអន្ទោលទៅក្នុងភពតូច និងភពធំ បានកើតជាស្ដេចម្ចាស់ផែនដីក្នុងក្រុងពារាណសី ជាទីរីករាយ។ កាលនោះ ខ្ញុំជាមហេសីនៃស្ដេចនោះ ជាអ្នកខ្ពង់ខ្ពស់ជាងពួកស្រី ហើយជាអគ្គមហេសីដ៏ប្រសើរក្រៃលែង ជាងសេចក្ដីស្រឡាញ់នៃស្ដេចនោះ ដែលមានក្នុងភពមុន។ ស្ដេចនោះ ឃើញព្រះបច្ចេកពុទ្ធ ៨ អង្គ និមន្តទៅដើម្បីបិណ្ឌបាត ក៏មានចិត្តរីករាយ ប្រគេនចង្ហាន់បិណ្ឌបាតមានថ្លៃច្រើន។ ស្ដេចនោះ និមន្តព្រះបច្ចេកពុទ្ធទាំងឡាយ ហើយធ្វើបារាំកែវជាវិការៈនៃមាស មានប្រមាណ ១០០ ហត្ថ មានសណ្ឋានរលីង ដែលពួកជាងធ្វើហើយ។
ID: 637643974136980429
ទៅកាន់ទំព័រ៖