ព្រះត្រៃបិដក ភាគ ៧៦

កាលនោះ ខ្ញុំ​ឃើញ​ព្រះពុទ្ធ​មាន​ព្រះទ័យ​ស្មើ ក្នុង​ការ​ឲ្យ​ទាន​ផង ក្នុង​ការ​ទទួល​ផង ក្នុង​សេចក្ដី​កោតក្រែង​ផង ក្នុង​សេចក្ដី​ប្រទូស្ដ​ផង ហើយ​សង្វេគ​ក្រៃលែង។ ខ្ញុំ​កាន់​យក​បាត្រ​ម្ដងទៀត ជម្រះ​ដោយ​គឿង​ក្រអូប មានចិត្ត​ជ្រះថ្លា ញ៉ាំង​បាត្រ​ឲ្យ​ពេញ ហើយ​ឲ្យ​ស្ករ ព្រមទាំង​ទឹកដោះថ្លា។ ខ្ញុំ​កើត​ក្នុង​ទី​ណាៗ ជា​ស្រី​មាន​រូបល្អ​ព្រោះ​ទាន​នោះ ខ្ញុំ​ជា​ស្រី​មាន​ក្លិនអាក្រក់ ព្រោះ​ប្រទូស្ដ​ចំពោះ​ព្រះពុទ្ធ​ផង ព្រោះ​សេចក្ដី​ស្រវឹង​ផង។ កាល​ចេតិយ​នៃ​ព្រះពុទ្ធ ព្រះនាម​កស្សប ជា​អ្នកប្រាជ្ញ គេ​ឲ្យ​សម្រេច​ហើយ ខ្ញុំ​មានចិត្ត​រីករាយ បាន​ឲ្យ​ឥដ្ឋ​ជា​វិការៈ​នៃ​មាស​ដ៏​ប្រសើរ​ទៀត។ ខ្ញុំ​ជ្រលក់​ឥដ្ឋ​នោះ​ឲ្យ​ទទឹក​ដោយ​គ្រឿងក្រអូប មាន​ជាតិ ៤ យ៉ាង ក៏បាន​រួច​ស្រឡះ ចាក​ទោស​មាន​ក្លិនអាក្រក់ ប្រកបដោយ​អវយវៈ​ទាំងពួង​ដ៏​ល្អ។ ខ្ញុំ​ឲ្យ​ធ្វើ​ភាជន៍ ៧ ពាន់ ដោយ​កែវ ៧ ប្រការ​ផង ប្រឆេះ​មួយ​ពាន់​ដ៏​ពេញដោយ​ខ្លាញ់​ផង។ ខ្ញុំ​មានចិត្ត​ជ្រះថ្លា បាន​ចាក់​ប្រេង អុជ​បំភ្លឺ​តម្កល់ទុក ៧ ជួរ ដើម្បី​បូជា​ព្រះ​លោកនាថ។
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 637643974544167745
ទៅកាន់ទំព័រ៖