ព្រះត្រៃបិដក ភាគ ៧៦
លុះច្យុតអំពីអត្តភាពនោះហើយ បានកើតជាស្ដេចព្រហ្មទត្ត ជាម្ចាស់ផែនដី កាលនោះ ខ្ញុំបម្រើព្រះបច្ចេកមុនី ជាបុត្រនៃនាងបទុមាវតី។ ខ្ញុំបម្រើព្រះបច្ចេកមុនី ៥០០ អង្គ ដរាបដល់អស់ជីវិត ហើយនិមន្តព្រះបច្ចេកមុនីទាំងឡាយ ឲ្យនៅក្នុងឧទ្យាននៃស្ដេច ហើយបូជានូវព្រះបច្ចេកមុនីទាំងឡាយ ដែលនិព្វានហើយ។ យើងទាំងពីរនាក់ បានឲ្យជាងធ្វើចេតិយទាំងឡាយ ហើយបួស ចម្រើនអប្បមញ្ញាទាំងឡាយ ក៏បានទៅកើតក្នុងព្រហ្មលោក។ លុះច្យុតចាកព្រហ្មលោក ប្ដីកើតក្នុងមហាតិត្ថៈ ជាកូនចៅនៃបិប្ផលគោត្រ ឯមាតាឈ្មោះសុមនទេវី បិតាជាព្រាហ្មណ៍កោសិគោត្រ។ ខ្ញុំ (កើត) ក្នុងក្រុងសាកលា ជាបុរីដ៏ឧត្ដម ក្នុងជនបទឈ្មោះមទ្ទៈ។ ខ្ញុំជាធីតានៃកបិលព្រាហ្មណ៍ មាតាឈ្មោះសុចិមតី បិតាស្អិតស្អាងខ្ញុំ ដោយរូបភាពជាវិការៈនៃមាសតាន់ បានឲ្យខ្ញុំដល់កស្សបបណ្ឌិត ជាអ្នកវៀរចាកកាមទាំងឡាយ កាលដែលកស្សបបណ្ឌិតនោះនៅក្មេង បានទៅមើលការងារ ឃើញសត្វតូចៗ ត្រូវពួកសត្វមានក្អែកជាដើម ទំពាស៊ី ក៏សង្វេគ។
ID: 637643974962761530
ទៅកាន់ទំព័រ៖