ព្រះត្រៃបិដក ភាគ ៧៦

បពិត្រ​ព្រះអង្គ​មាន​ព្យាយាម​ធំ ខ្ញុំ​ព្រះអង្គ​អន្ទោល​ទៅ​ក្នុង​សំសារ សូម​ក្រាបទូល​នូវ​ការ​ភ្លាំងភ្លាត់​របស់ខ្ញុំ ចំពោះ​ព្រះអង្គ សូម​ព្រះអង្គ​អត់​នូវ​កំហុស​នោះ​ដល់​ខ្ញុំ​ព្រះអង្គ។ នាង​ជា​អ្នកធ្វើ​តាម​ពាក្យ​ប្រៀនប្រដៅ​នៃ​តថាគត ចូរ​នាង​សម្ដែង​នូវ​ឫទ្ធិ ចូរ​កាត់​នូវ​សេចក្ដីសង្ស័យ​នៃ​បរិស័ទ​ទាំងពួង​ក្នុង​សាសនា។ បពិត្រ​ព្រះអង្គ​មាន​ព្យាយាម​ធំ ខ្ញុំ​ឈ្មោះ​យសោធរា ជា​ភរិយា​នៃ​ព្រះអង្គ (កាល​នៅ) ក្នុង​ផ្ទះ កើត​ក្នុង​ត្រកូល​សក្យៈ តាំងនៅ​ក្នុង​អង្គជា​ស្រ្ដី។ បពិត្រ​ព្រះអង្គ​មាន​ព្យាយាម ខ្ញុំ​ជា​ប្រធាន​នៃ​ស្រ្ដី​ទាំងឡាយ​មួយ​សែន ៩៦ ជាធំ​ជាង​ស្រ្ដី​ទាំងពួង​ក្នុង​ផ្ទះ​នៃ​ព្រះអង្គ។ ស្រ្ដី​ទាំងពួង​ប្រកបដោយ​គុណ គឺ​រូប និង​មារយាទ តាំងនៅ​ក្នុង​បឋម​វ័យ​សព្វៗ កាល គោរព​កោតក្រែង​ខ្ញុំ ដូចជា​មនុស្ស​ទាំងឡាយ គោរព​កោតក្រែង​ទេវតា។ ស្រ្ដី​ទាំងនោះ មាន​ពួក​នាងកញ្ញា​មួយ​ពាន់​ជា​ប្រធាន មាន​សុខ និង​ទុក្ខ​ស្មើគ្នា ក្នុង​ដំណាក់​នៃ​សក្យ​បុត្រ ដូចជា​ពួក​ទេវតា ក្នុង​នន្ទ​នវន័។
ថយ | ទំព័រទី ១៧៤ | បន្ទាប់
ID: 637643975960261570
ទៅកាន់ទំព័រ៖