ព្រះត្រៃបិដក ភាគ ៧៦
បណ្ឌិតទាំងឡាយ កន្លងនូវកាមធាតុ ប្រាកដស្មើដោយរូបក្នុងរូបធាតុ វៀរលែងតែព្រះលោកនាយកចេញ មិនមានទេ។ យសោធរាថេរី ថ្វាយបង្គំព្រះសម្ពុទ្ធហើយ សំដែងឫទ្ធិចំពោះព្រះសាស្ដា ទាំងសម្ដែងឫទ្ធិច្រើន មានអាការៈផ្សេងៗច្រើនយ៉ាង។ គឺធ្វើកាយជាភ្នំចក្រវាឡ ក្បាលជាឧត្ដរកុរុទ្វីប ទ្វីបទាំងពីរជាស្លាបទាំងពីរ ជម្ពូទ្វីបជាសរីរៈ។ សមុទ្រខាងត្បូងជាសំណុំកន្ទុយ ស្ទឹងជាលំពង់ស្លាប ព្រះចន្រ្ទ និងព្រះអាទិត្យជាភ្នែក ភ្នំមេរុជាកំប៉ោយ។ ភ្នំចក្រវាឡជាចំពុះ ដើមព្រីងជាទីប្រជុំ ហើយចូលទៅជិតថ្វាយបង្គំ អង្គុយបក់ព្រះលោកនាយក។ សម្ដែងនូវភេទនៃដំរី សេះ ភ្នំ ជលជាត ព្រះចន្រ្ទ ព្រះអាទិត្យ ភ្នំមេរុ ភេទនៃព្រះឥន្រ្ទក៏ដូចគ្នា។ បពិត្រព្រះអង្គមានព្យាយាម មានចក្ខុ ខ្ញុំព្រះអង្គឈ្មោះ យសោធរា សូមក្រាបថ្វាយបង្គំព្រះបាទា គ្របនូវលោកធាតុមួយពាន់ដោយផ្ការីក។ ខ្ញុំនិម្មិតភេទជាព្រហ្ម ហើយសម្ដែងធម៌ដ៏សូន្យ បពិត្រព្រះអង្គមានព្យាយាម មានចក្ខុ ខ្ញុំព្រះអង្គ ឈ្មោះយសោធរា សូមក្រាបថ្វាយបង្គំព្រះបាទា។
ID: 637643976178855293
ទៅកាន់ទំព័រ៖