ព្រះត្រៃបិដក ភាគ ៧៦

បពិត្រ​ព្រះ​មហាមុនី ខ្ញុំ​ព្រះអង្គ​ជា​អ្នកស្ទាត់ជំនាញ​ក្នុង​ឫទ្ធិ​ទាំងឡាយ ទាំង​ស្ទាត់ជំនាញ​ក្នុង​ចេ​តោ​បរិ​យញ្ញា​ណ ដោយ​សោត​ធាតុ​ជា​ទិព្វ។ ខ្ញុំ​ព្រះអង្គ​ដឹង​នូវ​បុព្វេ​និវាស ទិព្វចក្ខុ ខ្ញុំ​ព្រះអង្គ​បាន​ជម្រះ​ហើយ អាសវៈ​ទាំងពួង អស់រលីង​ហើយ ឥឡូវនេះ ភព​ថ្មីទៀត​មិន​មាន​ឡើយ។ បពិត្រ​ព្រះអង្គ​មាន​ព្យាយាម​ធំ សេចក្ដី​ដឹង​ក្នុង​អត្ថ ធម៌ និរុត្តិ និង​បដិភាណ កើតឡើង​ហើយ​ដល់​ខ្ញុំ ក្នុង​សំណាក់​នៃ​ព្រះអង្គ។ បពិត្រ​ព្រះ​មហាមុនី ការ​គប់​រក​ព្រះ​លោកនាថ​ទាំងឡាយ ព្រះអង្គ​បាន​សម្ដែង​ហើយដោយ​ប្រពៃ សេចក្ដី​កសាង​ដ៏​ច្រើន​របស់ខ្ញុំ ដើម្បី​ប្រយោជន៍​ដល់​ព្រះអង្គ។ បពិត្រ​ព្រះ​មុនី សូម​ព្រះអង្គ​រលឹក​កុសលកម្ម​របស់ខ្ញុំ ដែល​មាន​ក្នុង​កាលមុន បពិត្រ​ព្រះអង្គ​មាន​ព្យាយាម​ធំ បុណ្យ ខ្ញុំ​បាន​សន្សំ​ហើយ ដើម្បី​ប្រយោជន៍​ដល់​ព្រះអង្គ។ បពិត្រ​ព្រះអង្គ​មាន​ព្យាយាម​ធំ ខ្ញុំ​បាន​លះបង់​នូវ​អភព្វដ្ឋាន ហាមឃាត់​នូវ​អនា​ចា​រៈ ហើយ​លះបង់​ជីវិត ដើម្បី​ប្រយោជន៍​ដល់​ព្រះអង្គ។
ថយ | ទំព័រទី ១៧៦ | បន្ទាប់
ID: 637643976389324086
ទៅកាន់ទំព័រ៖