ព្រះត្រៃបិដក ភាគ ៧៦
បពិត្រព្រះមហាមុនី ការបរិច្ចាគទ្រព្យធន និងស្រូវ ទាំងស្រុក និគម ស្រែ បុត្រ និងធីតា ខ្ញុំក៏បានលះបង់ហើយ។ បពិត្រព្រះអង្គមានព្យាយាមធំ ដំរី សេះ គោ និងខ្ញុំស្រី អ្នកបម្រើមានចំនួនរាប់មិនបាន ខ្ញុំក៏បានលះបង់ហើយ ដើម្បីប្រយោជន៍នៃព្រះអង្គ។ ព្រះអង្គប្រឹក្សានូវទានណានឹងខ្ញុំ ខ្ញុំឲ្យនូវទាននោះ ដល់ស្មូមទាំងឡាយ កាលព្រះអង្គឲ្យទានដ៏ឧត្ដម ខ្ញុំមិនឃើញសេចក្ដីតូចចិត្តរបស់ខ្ញុំទេ។ បពិត្រព្រះអង្គមានព្យាយាមធំ ខ្ញុំរងទុក្ខដ៏ច្រើន មានប្រការផ្សេងៗ មានចំនួនរាប់មិនបាន ក្នុងសំសារដ៏ច្រើន ដើម្បីប្រយោជន៍នៃព្រះអង្គ។ បពិត្រព្រះមហាមុនី កាលព្រះអង្គដល់នូវសេចក្ដីសុខ ខ្ញុំក៏ត្រេកអរ មួយទៀត ខ្ញុំមិនតូចចិត្ត ព្រោះទុក្ខទាំងឡាយរបស់ខ្ញុំ ខ្ញុំជាអ្នកត្រេកអរក្នុងទីទាំងពួង ដើម្បីជាប្រយោជន៍នៃព្រះអង្គ។ បពិត្រព្រះមហាមុនី ព្រះអង្គសោយសុខ និងទុក្ខ ត្រាស់ដឹងតាមលំដាប់មគ្គ ហើយដល់នូវពោធិញ្ញាណ រួចនាំមកនូវធម៌។
ID: 637643976778543428
ទៅកាន់ទំព័រ៖