ព្រះត្រៃបិដក ភាគ ៧៦
ខ្ញុំតាំងចិត្តគោរព ធ្វើអញ្ជលីលើក្បាល ហើយទទួលនូវសោមនស្ស ក៏គិតយ៉ាងនេះ ក្នុងខណៈនោះថា បើព្រះពុទ្ធមានគុណរាប់មិនបាន មិនមានបុគ្គលប្រៀបផ្ទឹមស្មើបានមែន សូមឲ្យពោធិព្រឹក្សនេះ សម្តែងនូវបាដិហារ្យដល់អាត្មាអញ គឺសូមឲ្យភ្លឺស្វាងចុះ។ ក្នុងខណៈនោះ ពោធិព្រឹក្សប្រែជាមាសទាំងអស់ ភ្លឺស្វាងឡើងដំណាលគ្នានឹងខ្ញុំកំពុងពិចារណា ឯទិសទាំងពួង ក៏ភ្លឺរុងរឿងឡើង។ ខ្ញុំអង្គុយនៅក្បែរគល់ពោធិព្រឹក្សនោះ អស់ ៧ យប់ ៧ ថ្ងៃ ដល់ថ្ងៃទី ៧ ខ្ញុំបានបូជាប្រទីប។ ប្រទីបទាំង ៥ ក៏ភ្លឺរុងរឿងព័ទ្ធអាសនៈ កាលនោះ ប្រទីបទាំងឡាយរបស់ខ្ញុំ ក៏ភ្លឺរុងរឿង ដរាបដល់ព្រះអាទិត្យរះឡើង។ ខ្ញុំលះបង់នូវរាងកាយជារបស់មនុស្ស បានទៅកើតក្នុងឋានតាវត្តឹង្ស ដោយកុសលកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់នូវចេតនានោះផង។ ប្រាសាទរបស់ខ្ញុំ ដែលបុញ្ញកម្មធ្វើល្អហើយ ក្នុងឋានតាវត្តឹង្សនោះ ហៅថា បញ្ចទីបប្រាសាទ មានកម្ពស់ ១០០ យោជន៍ មានទំហំ ៦០ យោជន៍។ ប្រទីបទាំងឡាយរបស់ខ្ញុំរាប់មិនអស់ តែងភ្លឺរុងរឿងជុំវិញខ្ញុំ ទាំងភពទេវតា ក៏ភ្លឺដោយពន្លឺប្រទីបនោះដែរ។
ID: 637643926850715403
ទៅកាន់ទំព័រ៖