ព្រះត្រៃបិដក ភាគ ៧៦

ព្រះ​បច្ចេកពុទ្ធ​ទាំងឡាយ ដែល​ប្រាសចាក​រាគៈ ចំនួន​ប្រាំ​បីៗកោដិ បពិត្រមហារាជ ការ​កសាង​ដ៏​ធំ​របស់​តថាគត (ចំពោះ​ព្រះ​បច្ចេកពុទ្ធ​ទាំង​នុ៎ះ) សូម​ព្រះអង្គ​ស្ដាប់​តថាគត។ ព្រះ​ខីណាស្រព​ទាំងឡាយ ជា​សាវ័ក​នៃ​ព្រះពុទ្ធ មាន​ប្រមាណ​រាប់​មិនបាន មានមន្ទិល​អស់ហើយ បពិត្រមហារាជ ការ​កសាង​ដ៏​ធំ​របស់​តថាគត (ចំពោះ​ព្រះ​ខីណាស្រព​ទាំង​នុ៎ះ) សូម​ព្រះអង្គ​ស្ដាប់​តថាគត។ កាល​បុគ្គល​អ្នក​សន្សំ​ក្នុង​ធម៌​ទាំងឡាយ កាល​បុគ្គល​អ្នក​ប្រព្រឹត្ត​នូវ​ព្រះ​សទ្ធម្ម​ទាំង​ឡា​យស​ព្វៗកាល បុគ្គល​អ្នក​ប្រព្រឹត្ត​ធម៌​យ៉ាងនេះ តែង​ដេក​ជា​សុខ​ក្នុង​លោក​នេះ និង​លោកខាងមុខ។ បុគ្គល​គប្បី​ប្រព្រឹត្ត​ធម៌​ឲ្យ​ជា​សុចរិត មិន​គប្បី​ប្រព្រឹត្ត​ធម៌​នោះ​ឲ្យ​ជា​ទុច្ចរិត​ឡើយ បុគ្គល​អ្នក​ប្រព្រឹត្ត​ធម៌ តែង​ដេក​ជា​សុខ​ក្នុង​លោក​នេះ និង​លោកខាងមុខ។ ខ្ញុំ​នឿយណាយ​ក្នុង​សង្សារ ហើយ​ចូល​ទៅកាន់​ផ្នួស ដោយ​បរិវារ​មួយ​ពាន់ លុះ​បួស​ហើយ មិន​មាន​សេចក្ដី​ក្រវល់ក្រវាយ។ ខ្ញុំ​លះបង់​ផ្ទះ​ហើយ ចូល​ទៅកាន់​ផ្នួស មិនទាន់​ដល់​កន្លះ​ខែ​ផង ក៏បាន​ដល់​សច្ចៈ ៤។
ថយ | ទំព័រទី ១៨៦ | បន្ទាប់
ID: 637643978649168417
ទៅកាន់ទំព័រ៖