ព្រះត្រៃបិដក ភាគ ៧៦

បាន​ដល់​នូវ​យស ដែល​ជន​ទាំងពួង ធ្វើ​សក្ការបូជា​ហើយ ដោយ​លាភ​ដ៏​ប្រសើរ បាន​នូវ​បាយ និង​ទឹក ដែល​ពួក​ជន​រាប់​អាន​សព្វៗកាល។ យើងខ្ញុំ​លះបង់​នូវ​ផ្ទះ ហើយ​ចូល​ទៅកាន់​ផ្នួស មិនទាន់​បាន​ដល់​កន្លះ​ខែ ក៏បាន​ដល់​សេចក្ដី​រំលត់ទុក្ខ​ទាំងអស់គ្នា។ យើងខ្ញុំ​ជា​អ្នក​បាន​នូវ​បាយ និង​ទឹក​ផង នូវ​សំពត់ និង​សេនាសនៈ​ផង បច្ច័យ​ទាំងពួង រមែង​មាន​គ្រប់គ្រាន់ យើងខ្ញុំ​ត្រូវ​គេ​ធ្វើ​សក្ការបូជា​សព្វកាល។ កិលេស​ទាំងឡាយ យើងខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ យើងខ្ញុំ​គាស់រំលើង​ហើយ យើងខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​មេ​ដំរី​កាត់ផ្ដាច់​នូវ​ទន្លីង។ ឱ! យើងខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​ព្រះពុទ្ធ​ជា​បុគ្គល​ប្រសើរ វិជ្ជា ៣ យើងខ្ញុំ​បាន​ដល់ហើយ សាសនា​របស់​ព្រះពុទ្ធ យើងខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ យើងខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ យើងខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។
ថយ | ទំព័រទី ១៩០ | បន្ទាប់
ID: 637643979604949093
ទៅកាន់ទំព័រ៖