ព្រះត្រៃបិដក ភាគ ៧៦

យើងខ្ញុំ​បាន​លះបង់​ជីវិត​ទាំងឡាយ មាន​ពាន់​នៃ​កោដិ​ដ៏​ច្រើន គឺ​ធ្វើឲ្យ​គេ​រួចចាក​ទុក្ខ​ភ័យ ស៊ូ​លះបង់​ជីវិត​នៃ​ខ្លួន។ បពិត្រ​ព្រះ​មហាមុនី យើងខ្ញុំ​មិនដែល​លាក់​ទុក​នូវ​គ្រឿងប្រដាប់​ដែល​ជាប់នឹង​អង្គ ដូចយ៉ាង​សំ​ពត់​ផ្សេងៗជាច្រើន ភណ្ឌៈ​របស់​ស្រី ដើម្បី​ប្រយោជន៍​ព្រះអង្គ។ បពិត្រ​ព្រះ​មហាមុនី យើងខ្ញុំ​បាន​បរិច្ចាគ​ទ្រព្យ និង​ស្រូវ បាន​បរិច្ចាគ​ស្រុក និគម ស្រែ កូនប្រុស កូនស្រី។ បពិត្រ​ព្រះអង្គ​មាន​ព្យាយាម​ធំ យើងខ្ញុំ​បាន​បរិច្ចាគ​ដំរី សេះ គោ ខ្ញុំស្រី អ្នកបម្រើ​រាប់មិនអស់ ដើម្បី​ប្រយោជន៍​ព្រះអង្គ។ ព្រះអង្គ​បាន​ប្រឹក្សា​នឹង​យើងខ្ញុំ ដោយ​ទាន​ណា យើងខ្ញុំ​ក៏បាន​ឲ្យ​ទាន​នោះ ដល់​ស្មូម​ទាំងឡាយ យើងខ្ញុំ​មិនបាន​ឃើញ​នូវ​សេចក្ដី​តូចចិត្ត​ចំពោះ​ព្រះអង្គ កាលដែល​ឲ្យ​ទាន​ដ៏​ឧត្ដម​នោះ​សោះ​ឡើយ។ បពិត្រ​ព្រះអង្គ​មាន​ព្យាយាម​ធំ យើងខ្ញុំ​ទាំងឡាយ បាន​ទទួល​នូវ​សេចក្ដីទុក្ខ មាន​ចំណែក​ច្រើន​ចំពូក​ណាស់ រាប់មិនអស់​ក្នុង​សំសារ មាន​ចំណែក​ច្រើន ដើម្បី​ប្រយោជន៍​ព្រះអង្គ។ បពិត្រ​ព្រះ​មហាមុនី យើងខ្ញុំ​បាន​រីករាយ តាម​ចំណែក​បុណ្យ​ដែល​នាំមក​នូវ​សេចក្ដីសុខ ទាំង​មិនតូច​ចិត្ត​ចំពោះ​ទុក្ខ​ទាំងឡាយ ជា​អ្នក​ត្រេកអរ​ក្នុង​ទី​ទាំងពួង ដើម្បី​ប្រយោជន៍​ព្រះអង្គ។
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 637643981087449089
ទៅកាន់ទំព័រ៖