ព្រះត្រៃបិដក ភាគ ៧៦

ក្នុង​កាលនោះ ព្រះអង្គ​ជា​ព្រាហ្មណ៍ ឈ្មោះ​សុ​មេ​ធៈ បាន​ចាត់ចែង​រៀង​ចំ​ផ្លូវ ដើម្បី​ព្រះសម្ពុទ្ធ​ទីបង្ករ ទ្រង់​ឃើញ​ហេតុ​ទាំងពួង ទ្រង់​យាង​មក។ ក្នុង​កាលនោះ យើងខ្ញុំ​ទាំងអស់គ្នា កើត​ក្នុង​ត្រកូល​ព្រាហ្មណ៍ បាន​ទៅ​នាំ​យក​ផ្កា ផលុក​ជាតិ​មកកាន់​ទីប្រជុំ។ ក្នុង​សម័យ​នោះ ព្រះពុទ្ធ​ទ្រង់ព្រះ​នាម​ទីបង្ករ មានយស​ធំ មាន​ព្យាយាម​ធំ​នោះ ទ្រង់​បាន​ព្យាករ​នូវ​សុមេធ​តាបស ជា​ឥសី​មានចិត្ត​រីករាយ។ កាល​ព្រះពុទ្ធ​ទីបង្ករ ទ្រង់​ប្រកាស​កម្ម​របស់​សុមេធ​តាបស​នោះ​ថា ជា​ឥសី​មានចិត្ត​រីករាយ​ផែនដី​ក៏​កក្រើក រំភើបញាប់ញ័រ ក្នុង​មនុស្សលោក ព្រមទាំង​ទេវលោក។ ពួក​ទេវកញ្ញា ពួក​មនុស្ស ទាំង​យើងខ្ញុំ ព្រមទាំង​ទេវតា សឹង​នាំគ្នា​បូជា​គ្រឿងប្រដាប់​ដែល​គួរ​បូ​ជា​ផ្សេងៗ ហើយ​តាំង​ប្រាថ្នា។ ព្រះពុទ្ធ​ជា​ម្ចាស់ មាន​ព្រះនាម​ទីបង្ករ ទ្រង់​បាន​ព្យាករ​ដល់​ពួក​ជន​ទាំងនោះ​ថា ជន​ទាំងឡាយ​ណា មាន​សេចក្ដីប្រាថ្នា​ក្នុងថ្ងៃនេះ ជន​ទាំងនោះ ឈ្មោះថា មាន​ក្នុង​ទី​ចំពោះមុខ (នៃ​ព្រះពុទ្ធ)។
ថយ | ទំព័រទី ១៩៨ | បន្ទាប់
ID: 637643981505886510
ទៅកាន់ទំព័រ៖