ព្រះត្រៃបិដក ភាគ ៧៦

ក្នុង​កប្ប​ប្រមាណ​មិនបាន​អំពី​កប្ប​នេះ ព្រះពុទ្ធ​ព្យាករ​នូវ​យើងខ្ញុំ ដោយ​ព្រះពុទ្ធដីកា​ណា យើងខ្ញុំ​រមែង​រីករាយ តាម​ព្រះពុទ្ធដីកា​នោះ ជា​អ្នកធ្វើ​តាម​យ៉ាងនោះ។ ជន​ទាំងឡាយ បាន​ចាប់កំណើត​ជា​របស់​ទេវតា និង​មនុស្ស រាប់មិនអស់ ហើយ​ញ៉ាំង​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធ​នោះ ដោយអំណាច​នៃ​កម្ម​នោះ ដែល​ខ្លួន​ធ្វើល្អ​ហើយ។ យើងខ្ញុំ​បាន​សោយសុខ​ទុក្ខ​ក្នុង​ទេវតា​ផង មនុស្ស​ផង ដល់​មក​ក្នុង​បច្ឆិមភព​នេះ បាន​មក​កើត​ក្នុង​ត្រកូល​សក្យៈ។ យើងខ្ញុំ​ជា​អ្នកមាន​រូបល្អ មាន​ភោគ​សម្បត្តិ​ច្រើន មានយស និង​សីល​ដ៏​ល្អ បរិបូណ៌​ដោយ​អវយវៈ​សព្វគ្រប់ ជា​អ្នក​អង់អាច​លើស​ក្នុង​ត្រកូល​ទាំងឡាយ។ ចិត្ត​នៃ​យើងខ្ញុំ ដែល​ប្រជុំ​ចុះ​ក្នុង​លោកធម៌ មាន​លាភៈ សេចក្ដីសរសើរ និង​គ្រឿង​សក្ការៈ ជា​ចិត្ត​មិនដល់​នូវ​សេចក្ដីទុក្ខ​ទេ តើ​យើងខ្ញុំ​នឹង​មាន​ភ័យ​អំពី​ណា។
ថយ | ទំព័រទី ១៩៩ | បន្ទាប់
ID: 637643981717605297
ទៅកាន់ទំព័រ៖