ព្រះត្រៃបិដក ភាគ ៧៦

ខ្ញុំ​មាន​អាយុ ៧ ឆ្នាំ អំពី​កំណើត បាន​ដល់​នូវ​ព្រះ​អរហត្ត ព្រះពុទ្ធ​ព្រះនាម​គោតម ទ្រង់​ជ្រាប​នូវ​គុណ ហើយ​ឲ្យ​ខ្ញុំ​បាន​ឧបសម្បទា។ ប្រទីប​ទាំង ៥ របស់ខ្ញុំ រមែង​ឆេះ​ឡើង​ក្នុង​មណ្ឌប ជិត​គល់ឈើ​ក្នុង​ប្រាសាទ ក្នុង​គុហា ក្នុង​ផ្ទះ​ស្ងាត់។ ទិព្វចក្ខុ​របស់ខ្ញុំ​ស្អាត​វិសេស ខ្ញុំ​ជា​ស្រី​ឈ្លាស​ក្នុង​សមាធិ ដល់​នូវ​អភិញ្ញា​បារមី នេះ​ជា​ផល​នៃ​ប្រទីប ៥។ បពិត្រ​ព្រះអង្គ​មាន​ព្យាយាម​ធំ ទ្រង់​មាន​ចក្ខុ ខ្ញុំ​ព្រះអង្គ​មានការ​ប្រព្រឹត្តិ​ធម៌​ទាំងពួង ចប់​អស់ហើយ មាន​សោឡស​កិច្ច​ធ្វើ​ស្រេចហើយ មិន​មាន​អាសវៈ មាន​ប្រទីប ៥ ខ្ញុំ​សូម​ថ្វាយបង្គំ​ព្រះ​បាទា។ ក្នុង​កប្ប​ទីមួយ​សែន អំពី​ភទ្ទកប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ប្រទីប ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​ប្រទីប ៥។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងពួង ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​មេ​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​ដ៏​ប្រសើរ វិជ្ជា ៣ ខ្ញុំ​បានសម្រេច​ហើយ សាសនា​នៃ​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ។
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 637643927312434222
ទៅកាន់ទំព័រ៖