ព្រះត្រៃបិដក ភាគ ៧៦

ឱ! យើងខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​ដ៏​ប្រសើរ វិជ្ជា ៣ យើងខ្ញុំ​បានសម្រេច​ហើយ សាសនា​របស់​ព្រះពុទ្ធ យើងខ្ញុំ​បាន​ធ្វើ​ហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និង​អភិញ្ញា ៦ នេះ យើងខ្ញុំ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ទាំង​សាសនា​របស់​ព្រះពុទ្ធ យើងខ្ញុំ​ក៏បាន​ប្រតិបត្តិ​ហើយ។ យើងខ្ញុំ​ដល់​នូវ​ភាព​បរិសុទ្ធ បរិបូណ៌​ដោយ​គុណ​ទាំងពួង តែង​បាន​នូវ​ទុក្ខ​មាន​ប្រការ​ច្រើន និង​សម្បត្តិ មាន​ប្រការ​ច្រើនយ៉ាង​នេះឯង។ ស្រី​ទាំងឡាយ​ណា ឲ្យ​នូវ​ខ្លួន​ជា​របស់​ខ្លួន ដល់​បុគ្គល​ស្វែងរក​នូវ​គុណ​ដ៏​ធំ ដើម្បី​ប្រយោជន៍​ដល់​បុណ្យ ស្រី​ទាំងឡាយ​នោះ ឈ្មោះថា​អ្នក​បរិបូណ៌​ដោយ​សំឡាញ់ តែង​បាន​នូវ​ព្រះនិព្វាន មាន​ចំណែក មិន​មាន​បច្ច័យ​ប្រជុំ​តាក់តែង។ កម្ម​ជា​អតីត ជា​បច្ចុប្បន្ន ជា​អនាគត​នៃ​យើងខ្ញុំ​អស់ហើយ កម្ម​ទាំងពួង​របស់​យើងខ្ញុំ អស់រលីង​ហើយ បពិត្រ​ព្រះអង្គ​មាន​ចក្ខុ យើងខ្ញុំ​សូម​ថ្វាយបង្គំ​នូវ​ព្រះ​បាទា។
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 637643982168074066
ទៅកាន់ទំព័រ៖