ព្រះត្រៃបិដក ភាគ ៧៦
ក្នុងកប្បទីមួយសែន អំពីកប្បនេះ មានព្រះមហាមុនីមួយព្រះអង្គ ព្រះនាមបទុមុត្តរៈ ឯបុរីឈ្មោះហង្សវតី ជាលំនៅនៃត្រកូលព្រះសម្ពុទ្ធ។ ស្ទឹងគង្គាតែងហូរទៅក្នុងបុរី ឈ្មោះហង្សវតី តាមទ្វារសព្វៗកាល ពួកភិក្ខុទាំងនោះ ត្រូវទឹកស្ទឹងបៀតបៀន ក៏ទៅមកមិនបាន។ ភិក្ខុទាំងឡាយនោះ ទៅមិនបានអស់ពីរថ្ងៃ អស់បីថ្ងៃ អស់ ៧ ថ្ងៃ អស់មួយខែ ដរាបទាល់ពេញបួនខែ។ គ្រានោះ មានបុរសជាខ្លឹមសាររបស់សត្វ ឈ្មោះជជ្ជៈ ជាអ្នកនៅក្នុងដែន បានឃើញពួកភិក្ខុ នៅត្រើយខាងអាយ ក៏ឲ្យគេសាងស្ពានត្រង់ស្ទឹងគង្គា។ គ្រានោះ បុរសនោះ បានសាងស្ពាននាស្ទឹងគង្គា ដោយតម្លៃមួយសែនកហាបណៈផង បានសាងវិហារក្នុងត្រើយខាងនាយនិងត្រើយខាងអាយ ដើម្បីភិក្ខុសង្ឃផង។ ពួកស្រី ពួកបុរស ពួកត្រកូលខ្ពស់ និងទាប ជនទាំងនោះ បានធ្វើស្ពានផង វិហារផង មានភាគស្មើគ្នា ដើម្បីភិក្ខុសង្ឃនោះ។
ID: 637643984432762157
ទៅកាន់ទំព័រ៖