ព្រះត្រៃបិដក ភាគ ៧៦

 ពួក​ស្រី​ជា​អ្នកបម្រើ​ទាំងអស់​នោះ​របស់​ព្រះអង្គ កើត​ហើយ​ក្នុង​ភព​នៃ​ទេវតា ព្រោះ​ផល​នៃ​កុសលកម្ម​នោះ​ផង ព្រោះ​ការ​តម្កល់ទុក​នូវ​ចេតនា​នោះ​ផង។ ជន​ទាំងនោះ សោយ​ទិព្វ​សុខ​រាប់មិនអស់​ផង សោយសុខ​របស់​មនុស្ស​រាប់មិនអស់​ផង ត្រាច់​រង្គាត់​ក្នុង​ភព​តូច​ភព​ធំ អស់កាលជាយូរអង្វែង។ ក្នុង​កប្ប​ទីមួយ​សែន អំពី​កប្ប​នេះ កម្ម​សម្បត្តិ យើងខ្ញុំ​ធ្វើល្អ​ហើយ ក្នុង​ពួក​មនុស្សជា​អ្នក​ល្អិតល្អ ទាំង​ក្នុង​ទេវ​បុរី​ដ៏​ប្រសើរ។ យើងខ្ញុំ​តែង​បាន​នូវ​រូបល្អ នូវ​ភោគ​សម្បត្តិ និង​យស នូវ​សេចក្ដីសរសើរ សេចក្ដីសុខ និង​សេចក្ដី​ស្រឡាញ់ ឯកម្ម​សម្បត្តិ​ទាំងអស់ យើងខ្ញុំ​ធ្វើល្អ​ហើយ ដល់​មក​ក្នុង​បច្ឆិមភព យើងខ្ញុំ​បាន​មក​កើត​ក្នុង​ត្រកូល​ព្រាហ្មណ៍ មានដៃ​ជើង​ទន់ល្វន់ ក្នុង​ព្រះរាជនិវេសន៍​នៃ​សក្យ​បុត្រ។ បពិត្រ​ព្រះ​មហាមុនី យើងខ្ញុំ​មិនដែល​ឃើញ​ផែនដី ដែល​ពួក​ជន​មិនបាន​ប្រដាប់​រៀបចំ​សព្វកាល​ផង មិនដែល​ឃើញ​ដំណើរ​ទៅកាន់​ទី​មាន​ភក់​ផង។
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 637643984898855409
ទៅកាន់ទំព័រ៖