ព្រះត្រៃបិដក ភាគ ៧៦
សម្បុររបស់ខ្ញុំដូចផ្កាឧប្បល ខ្ញុំជាស្រីមានរូបល្អល្អះ គួររមិលមើល បរិបូណ៌ដោយអវយវៈទាំងអស់ កើតក្នុងត្រកូលខ្ពស់ទ្រទ្រង់សេចក្ដីរុងរឿង ដល់មកក្នុងបច្ឆិមភព ខ្ញុំបានមកកើតក្នុងសក្យត្រកូល ជាប្រធាននៃស្រីមួយពាន់ នៃព្រះរាជបុត្ររបស់ព្រះបាទសុទ្ធោទនៈ។ ខ្ញុំនឿយណាយក្នុងផ្ទះ ហើយចូលទៅកាន់ផ្នួស លុះគ្រប់ ៧ រាត្រី ក៏បានយល់ច្បាស់នូវសច្ចៈ ៤។ ខ្ញុំមិនអាចនឹងរាប់នូវចីវរប្បច្ច័យ បិណ្ឌបាតប្បច្ច័យ សេនាសនប្បច្ច័យបានទេ នេះឯងជាផលនៃបិណ្ឌបាត។ បពិត្រព្រះមុនី មានព្យាយាមធំ កុសលកម្មណា ដែលខ្ញុំបានធ្វើហើយក្នុងកាលមុន សូមព្រះអង្គរលឹកនូវកម្មជាកុសលនោះចុះ ឯអំពើល្អមានច្រើន ដែលខ្ញុំបានលះបង់ហើយ ដើម្បីប្រយោជន៍នៃព្រះអង្គ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានឲ្យបិណ្ឌបាតទាន ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិឡើយ នេះជាផលនៃបិណ្ឌបាត។
ID: 637643985808386854
ទៅកាន់ទំព័រ៖