ព្រះត្រៃបិដក ភាគ ៧៦

កាលនោះ ខ្ញុំ​កើត​ក្នុង​ត្រកូល​អាមាត្យ ដែល​រុងរឿង​ដោយ​កែវ​ផ្សេងៗ ដ៏​ស្ដុក​ស្ដុ​ម្ភ​ទូលំទូលាយ មានទ្រព្យ​ច្រើន នៅក្នុង​នគរ​ហង្ស​វតី។ ខ្ញុំ​បាន​ទៅជាមួយ​នឹង​បិតា មាន​មហាជន​ចោមរោម បាន​ស្ដាប់ធម៌​របស់​ព្រះពុទ្ធ​ជា​ម្ចាស់ ហើយក៏​ចូល​ទៅកាន់​ផ្នួស។ លុះ​ខ្ញុំ​បួស​រួចហើយ បាន​វៀរបាប​កម្ម​ដោយ​កាយ លះបង់​វចីទុច្ចរិត ហើយ​ជំរះ​អាជីវៈ។ ខ្ញុំ​ជ្រះថ្លា​ចំពោះ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ មាន​សេចក្ដី​គោរព​ដ៏​ក្លៀវក្លា ប្រកប​ក្នុង​ការ​ស្ដាប់​នូវ​ព្រះ​សទ្ធម្ម ទាំង​ប្រកបដោយ​សេចក្ដី​អាល័យ​ចង់​ឃើញ​នូវ​ព្រះពុទ្ធ។ គ្រានោះ ខ្ញុំ​បានឮ​នូវ​ភិក្ខុនី​ដ៏​ប្រសើរ​លើស​ជាង​ពួក​ភិក្ខុនី​ដែល​មាន​សទ្ធា​ស៊ប់សួន ខ្ញុំ​ប្រាថ្នា​នូវ​តំណែង​នោះ បាន​បំពេញ​នូវ​ត្រៃសិក្ខា។ លំដាប់នោះ ព្រះ​សុគត​មាន​អធ្យាស្រ័យ ប្រព្រឹត្តទៅ​តាម​សេចក្ដី​ករុណា ទ្រង់​ត្រាស់​នឹង​ខ្ញុំ​ថា បុគ្គល​ណា មាន​សទ្ធា​មិន​ញាប់ញ័រ តម្កល់​មាំ​ក្នុង​តថាគត។ បុគ្គល​ណា មាន​សីល​ល្អជា​ទី​ពេញចិត្ត​នៃ​ព្រះ​អរិយៈ ដែល​អ្នកប្រាជ្ញ​សរសើរ​ហើយ បុគ្គល​ណា មាន​សេចក្ដី​ជ្រះថ្លា មានការ​ឃើញ​ត្រង់​ក្នុង​ព្រះសង្ឃ។
ថយ | ទំព័រទី ២១៨ | បន្ទាប់
ID: 637643986643392050
ទៅកាន់ទំព័រ៖