ព្រះត្រៃបិដក ភាគ ៧៦

សុក្កា​ថេ​រិយា​បទាន ទី៥


 [៣៥] ក្នុង​កប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រះ​នាយក​ព្រះនាម​វិបស្សី មាន​ព្រះនេត្រ​ដូច​មាស ពិចារណា​ឃើញ​ធម៌​ទាំងអស់ កើតឡើង​ហើយ។ គ្រានោះ ខ្ញុំ​កើត​ក្នុង​ត្រកូល​មួយ​ក្នុង​នគរ​ពន្ធុ​មតី បាន​ស្ដាប់ធម៌​របស់​ព្រះ​មុនី ហើយ​ចូល​ទៅកាន់​ផ្នួស។ ខ្ញុំ​ជា​អ្នកស្ដាប់​ច្រើន ចងចាំ​នូវ​ធម៌ ជា​អ្នកមាន​ប្រាជ្ញា មួយទៀត ជា​អ្នកពោល​ពាក្យ​វិចិត្រ ទាំង​ជា​អ្នកធ្វើ​តាម​សាសនា​នៃ​ព្រះ​ជិនស្រី។ កាលនោះ ខ្ញុំ​បាន​ធ្វើ​នូវ​ធម្មកថា ដើម្បី​ប្រយោជន៍​ដល់​ប្រជុំជន​គ្រប់​កាល លុះ​ខ្ញុំ​ច្យុត​ចាក​អត្តភាព​នោះ ក៏​ចូល​ទៅ​កើត​ក្នុង​ឋាន​តុសិត ជា​ស្រី​មានយស។ ក្នុង​កប្ប​ទី ៣១ អំពី​កប្ប​នេះ ព្រះ​ជិនស្រី ព្រះនាម​សិខី រុងរឿង​ដោយ​យស ដូចជា​ភ្លើង ប្រសើរ​ជាង​អ្នកប្រាជ្ញ​ទាំងឡាយ កើតឡើង​ក្នុង​លោក។ គ្រានោះ ខ្ញុំ​បាន​បួស ជា​ស្រី​វាងវៃ​ក្នុង​ព្រះពុទ្ធ​សាសនា ញ៉ាំង​ព្រះពុទ្ធដីកា​ព្រះ​ជិនស្រី​ឲ្យ​រុងរឿង លុះ​ច្យុត​ចាក​អត្តភាព​នោះ ក៏បាន​ទៅកាន់​ឋាន​តាវត្តឹង្ស។
ថយ | ទំព័រទី ២២៣ | បន្ទាប់
ID: 637643987868386662
ទៅកាន់ទំព័រ៖