ព្រះត្រៃបិដក ភាគ ៧៦
ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រះនាយក ព្រះនាមវេស្សភូ ទ្រង់កើតឡើង (ក្នុងលោក) ឯខ្ញុំក៏កើតឡើង តំណាលនឹងព្រះនាយកនោះ ក្នុងកាលនោះដែរ ជាអ្នកមានយានដ៏ធំ។ ខ្ញុំបួសហើយ ជាអ្នកចងចាំនូវធម៌ ញ៉ាំងសាសនាព្រះជិនស្រីឲ្យរុងរឿង ហើយទៅកើតក្នុងបុរីរបស់ទេវតា ដែលជាទីរីករាយ ទទួលសេចក្ដីសុខដ៏ច្រើន។ ក្នុងភទ្ទកប្បនេះ ព្រះជិនស្រីដ៏ឧត្ដម ព្រះនាមកកុសន្ធៈ ជានរៈដ៏ខ្ពង់ខ្ពស់ កើតឡើងក្នុងលោក កាលនោះ ខ្ញុំក៏បានកើតឡើងដែរ។ ខ្ញុំបានបួសរួចហើយ ញ៉ាំងសាសនានៃព្រះជិនស្រី ឲ្យរុងរឿងតាមសប្បាយ ខ្ញុំច្យុតចាកអត្តភាពនោះ ក៏បានទៅកើតក្នុងឋានត្រៃត្រឹង្ស ដូចជាភពរបស់ខ្លួនដដែល។ ក្នុងកប្បនេះដដែល ព្រះនាយក ព្រះនាមកោនាគមនៈ ប្រសើរជាងអ្នកប្រាជ្ញ ឧត្ដមជាងពួកសត្វទាំងពួង ទ្រង់កើតឡើង។
ID: 637643988159480395
ទៅកាន់ទំព័រ៖